ខេត្តប៉ៃលិន ៖ ក្រោយពីមានការផ្ទេរភាកិច្ច និងផ្លាស់ប្តូរមុខតំណែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ រួចមក អតីតមេប៉ុស្តិ៍នគរបាល ប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងមិនទាន់បានរយ:ពេល១ឆ្នាំ ស្រួលបួលផង ស្រាប់តែត្រូវបានស្នងការខេត្ត ចេញលិខិតបង្គាប់ការដកឱ្យទៅនៅបម្រើការផ្នែកសន្តិសុខក្នុងអធិការ
ដ្ឋាននគរ បាលក្រុងប៉ៃលិន ដោយមិនដឹងខ្លួន អត់មូលហេតុ ទើបរហូតមកដល់រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ ធ្វើឱ្យសាម៉ីខ្លួន មានការងឿងឆ្ងល់ មិនអស់ចិត្ត និងអន់ចិត្តយ៉ាងខ្លាំង ។
លោកអនុសេនីយ៍ឯក ថី អៀន អតីតនាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ប៉ៃលិន ដែលមានអត្តលេខ១៩០២៩ បានរៀបរាប់ទាំងមិនអស់ចិត្តឱ្យដឹងថា លោកបានចូលបម្រើការងារជាមន្ត្រីនគ របាលជាតិ តាំងពីឆ្នាំ១៩៩៧មកម្លេះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងឱ្យឡើងកាន់តំណែងជានាយប៉ុ ស្តិ៍សង្កាត់ប៉ៃលិន ជំនួសលោក អ៊ុក គា អតីតមេប៉ុស្តិ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយគាត់ឡើងតំណែងទៅកាន់អធិការរងក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា ការឡើងកាន់មុខតំណែងជានាយប៉ុស្តិ៍ថ្មី លោកបានខិតខំស្តារមុខមាត់ឱ្យបានល្អប្រសើរឡើងវិញ ខណ:កាលពីមេប៉ុស្តិ៍មុន បានធ្លាក់ដល់កំរិតសូន្យ ដោយលោកប្រឹងប្រែងធ្វើការងារមិនហ៊ានធ្វេសប្រហែសនោះឡើយ ។
លោកគ្រាន់តែឆ្ងល់ខ្លួនឯងយ៉ាងខ្លាំង បន្ទាប់ពីលោកស្នងការ និងលោកអធិការនគរបាលក្រុងប៉ៃលិន បានធ្វើលិខិតបង្គាប់ការឱ្យរូបលោកប្តូរចេញពីមេប៉ុស្តិ៍ប៉ៃលិន ដោយមិនដឹងមកពីកំហុស ព្រោះគេមិនបានប្រាប់ពីកំហុស ឬមិនធ្លាប់ធ្វើការណែនាំ សូម្បីតែម្តងក៏គ្មានដែរ ។
ចំពោះការងាររបស់លោក បើសាក សួរមន្ត្រីក្រោមឱវាទ ក៏ដូចជាសួរប្រជាពលរដ្ឋក៏បានដែរ សូម្បីតែប្រជាការពារភូមិ ដែលលោកគ្រប់ គ្រងក៏គេគាំទ្រលោកច្រើននាក់ដែរ ។ លោកបញ្ជាក់ថា កាលពីប្រកាសឡើងតំណែងថ្មីៗ លោកធ្វើ កិច្ចការតែម្នាក់ឯងគត់ ដោយសារតែនាយរងប៉ស្តិ៍ជាប់រវល់បន្តការសិក្សាយកបរិញ្ញាបត្ររយ:ពេល១ ឆ្នាំឯណោះ ហើយក្រោយពេលរៀនចប់មកជួយការងារប៉ុស្តិ៍បានតែបន្តិច គាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងទៅលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ដោយលោកប្រាប់ថា ការប្តូរផ្លាស់នេះ គឺមានការរៀបចំពីលោក យែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បើចង់ដឹងច្បាស់សូមឱ្យទាក់ទងសួរនាំទៅខាងនោះបន្ថែមទៀត ។
ចំណែកលោក យែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងដែរថា នេះគឺជាការផ្លាស់ប្តូរកងកម្លាំងមន្ត្រីនគរបាល ។ ម្យ៉ាងទៀត ក៏មានរឿងពាក់ព័ន្ធខ្លះៗ ដែរ ដោយសារលោកមេប៉ុស្តិ៍ប៉ៃលិន មានផ្ទះសម្បែងត្រឹមត្រូវផ្ទាល់ខ្លួនហើយ បែរជាយកស្រីទៅដេកនៅកន្លែងក្បែរសាលាសង្កាត់ទៅវិញ ។
លោកបន្តទៀតថា លោកមេប៉ុស្តិ៍ក៏ធ្លាប់ប្រើអំពើហិង្សាទៅលើប្រពន្ធកូនចំនួន៣ទៅ៤លើករួចមកហើយ ដោយសំណុំរឿងនេះ នៅក្នុងអធិការក៏មានដែរ ។ ចំណែកការដឹកនាំនៅក្នុងប៉ុស្តិ៍នគរបាល ក៏អត់មានភាពប្រក្រតីដែរ ព្រោះគាត់ជាមនុស្សចូលចិត្តហូបស្រាច្រើន ស្រវឹងព្រឹកល្ងាច សូម្បីតែកូនចៅនៅក្នុងប៉ុស្តិ៍ប៉ៃលិន ក៏អត់មាននរណាស្តាប់គាត់ដែរ ៕
ចែករំលែកព័តមាននេះ