ខេត្តកំពង់ឆ្នាំង ៖ ថ្វីបើរដូវបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌបានកន្លងផុតទៅហើយក្តី ក៏ប៉ុន្តែអ្វីដែលនៅសេសសល់សម្រាប់មេរៀនទៅថ្ងៃបុណ្យទានក្រោយៗទៀត ដែលធ្វើឲ្យភ្ញៀវទេសចរមានការអាក់អន់ស្រពន់ចិត្តនោះ គឺការយកតម្លៃភាស៊ីម៉ូតូ ឡាន ហួសហេតុពេកដែលធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តរហូតដល់ផុសក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមានអ្នកគាំទ្រ comment មិនសប្បាយចិត្តគ្រប់ៗគ្នានោះ គឺការទៅទស្សនានិងលេងកម្សាន្តនៅទំនប់អាចាំង ស្ថិតនៅឃុំអញ្ជាញរូង និងឃុំពេជចង្វា ក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។
ក្នុងបណ្ដាញសង្គមដែលមាន Account ឈ្មោះ វីរៈយុទ្ធ បាននិយាយថា ការទៅលេងកម្សាន្តនៅទំនប់ អាចាំងក្នុងថ្ងៃភ្ជុំបិណ្ឌមានមនុស្សច្រើនណែនណាន់តាន់តាប់ ប៉ុន្តែអ្វីដែលមិនសប្បាយចិត្ត គឺភាស៊ីម៉ូតូបានឡើងថ្លៃរហូតទៅដល់មួយគ្រឿង ៥០០០រៀល ចំណែកឯរថយន្តធុនតូច១គ្រឿង ១០០០០រៀល ការយកតម្លៃមិនប្រក្រតីបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តគ្រប់គ្នា ពួកគាត់បានលើកឡើងថា ម៉ូតូមួយគ្រឿង បើត្រឹមតែតម្លៃ២០០០ទៅ២៥០០រៀលនោះវាសមរម្យ ។ ប៉ុន្តែបើនៅក្នុងសៀវភៅបន្ទុកម៉ូតូមួយគ្រឿងដែលមានតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ។
ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្ត សូមមេត្តាទប់ស្កាត់បញ្ហានេះ ដើម្បីក្នុងឱកាសឆ្នាំក្រោយៗ ឬក៏បុណ្យទានផ្សេងៗកុំឱ្យអ្នកយកភាស៊ីឡើងថ្លៃបែបនេះ ។ ទាក់ទងនឹងបញ្ហានេះ លោកមេឃុំពេជចង្វារ និងមេឃុំអញ្ចាញរូង យើងមិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែបើតាមលោកឃួន សារុំ អភិបាលស្រុកបរិបូណ៌បានមានប្រសាសន៍ដោយខ្លីថា លោកមិនបានដឹងរឿងហ្នឹងទេ ? ចាំលោកសួរអាជ្ញាធរមូលដ្ឋានឲ្យ ។ ប៉ុន្តែរហូតដល់ល្ងាចថ្ងៃទី១៦ ខែតុលានេះ ភ្នាក់ងារយើងមិនអាចទទួលបានព័ត៌មានណាមួយពីលោកអភិបាលស្រុកទៀតនោះទេ ដោយទូរសព្ទ័ចូលគ្មានអ្នកលើក ។
ជុំវិញបញ្ហាខាងលើនេះ បើតាមប្រភពពីប្រជាពលរដ្ឋដែលដឹងរឿងបានប្រាប់ថា អាជ្ញាធរមូលដ្ឋាន និងប្រជាការពារនៃឃុំទាំងពីរខាងលើបានម៉ៅការទៅឱ្យអ្នកទារភាស៊ីក្នុងតម្លៃមួយថ្ងៃចំនួន១៥ ម៉ឺនរៀល ដែលជាធ្វើឱ្យអ្នកយកភាស៊ីបានចិត្ត ដំឡើងថ្លៃតាមទំនើងចិត្តបែបនេះ ហើយអាជ្ញាមូលដ្ឋានធ្វើមិនដឹងមិនឮ ពីការដំឡើងថ្លៃ ហួសប្រមាណបែបនេះ ។
យ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្ត សូមជួយទប់ស្កាត់បញ្ហានេះផង ថ្វីបើរដូវដាក់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅពិតមែន ប៉ុន្តែសម្រាប់ឆ្នាំក្រោយៗ ទៀត ឬថ្ងៃបុណ្យទានផ្សេង មិនត្រូវយកភាស៊ីថ្លៃ ហួសប្រមាណបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ