ខេត្តរតនគិរី ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជាឪពុកចុងម្នាក់ កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ វេលាម៉ោង៥និង៥៣នាទីល្ងាច ពីបទចាប់រំលោភកូនស្រីបានសម្រេចចំនួន៤ដង ហើយត្រូវបានកូនស្រីប្រាប់បងរបស់នាងឱ្យប្តឹងនគរបាលស្រុកកូនមុំ ។
តាមរបាយការណ៍របស់នគរបាលស្រុកកូនមុំបានឱ្យដឹងថា ជនជាប់ចោទជាឪពុកចុងនេះឈ្មោះ ជា វិន អាយុ៤៨ឆ្នាំ ជាកសិករ ឯកូនស្រីរងគ្រោះ ទើបមានអាយុ១៥ឆ្នាំ ។ ករណីខាងលើនេះ នគរបាលស្រុកកូនមុំបានឱ្យដឹងថា បើតាមការរៀបរាប់ គឺនៅថ្ងៃកើតហេតុនោះជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ម្តាយនាងអត់នៅផ្ទះទេ គឺបាននាំកូនៗ៣ទៅ៤នាក់ទៀតទៅលេងស្រុកកំណើតអស់ ដោយទុកនាងឲ្យនៅផ្ទះតែ២នាក់ឪពុកចុង ទើបជននេះ មានឱកាសចាប់នាងរំលោភ ។
ក្រោយពេលរំលោភរួច ឪពុកចុងរូបនេះ បានគំរាមនាងថា បើហ៊ានប្រាប់គេឱ្យដឹងនឹងសម្លាប់ចោលមួយ
ពួជ ។ កូនស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្នុងឆ្នាំ២០១៨នេះ ឪពុកចុងរូបនេះ ធ្លាប់រំលោភនាងបានសម្រេច៤លើក ហើយនាងក៏ធ្លាប់ប្រាប់ម្តាយអំពីរឿងនេះជាញឹកញាប់ដែរ ក៏ប៉ុន្តែម្តាយនាងធ្វើព្រងើយ ទើបចុងក្រោយនេះនាងទ្រាំមិនបានក៏សម្រេចចិត្តនាំរឿងទៅប្រាប់អ្នកភូមិនិងបងស្រី ទើបនាំគ្នាទៅប្តឹងនគរបាលស្រុកកូនមុំឱ្យចាប់ខ្លួនបុរសជាឪពុកចុងនេះតែម្តង ។
សមត្ថកិច្ចនិយាយថា នៅពេលទៅចាប់ខ្លួននោះ ជនសង្ស័យបានដឹងខ្លួននិងមានបំណងចង់រត់គេច តែដោយសមត្ថកិច្ចមានគ្នាច្រើនទើបការរត់គេចខ្លួនអត់រួច ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានស្រែកព្រមានទៀតថា «ចាំមើលអញចេញពីគុកវិញ អញសម្លាប់ក្រុមគ្រួសារនាងឯងចោលទាំងអស់» ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះ ជា វិនសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីមែន ។ ចំណែកមន្ត្រីនគរបាលនិយាយថា ការស្រែកគំរាមសម្លាប់មនុស្សពេលរួចពីគុក វាគ្រាន់តែជាកំហឹងនៅពេលជាប់ខ្នោះប៉ុណ្ណោះ តែរំពឹងថា ក្រោយរួចទោសពីគុកប្រហែលជាមិនហ៊ានទៅរកខ្នោះម្តងទៀតនោះទេ ៕
ចែករំលែកព័តមាននេះ