គ្រូជាអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗដល់សិស្សដូចជា គ្រូអក្សរសាស្ត្រ, គ្រូគណិត, គ្រូភ្លេងជាដើម។ សមណៈអ្នកបំបួសកុលបុត្រឱ្យបានជាបព្វជិតក៏ហៅថាគ្រូដែរដូចជា គ្រូបំបួស គ្រូសូត្រ ។
ដូចពាក្យចាស់បានផ្តាំមកថា គ្រូជាអ្នកមានគុណទី២បន្ទាប់ពីឪពុកម្តាយ គ្រូជាគំរូល្អដល់សិស្សានុសិស្ស ដែលជាពុំនោលមានប្រសិទ្ធភាពគ្រប់ជំនាន់ចងចាំមិនភ្លេចទេ ព្រោះជាសម្តីពិត វាចាត្រឹមត្រូវ និងបានជាទីស្រឡាញ់រាប់អានដល់មហាជនទូទៅ។ ខាងក្រោមនេះជាគុណសម្បត្តិ៧យ៉ាងរបស់គ្រូៈ
១-បានជាទីស្រឡាញ់គាប់ចិត្តនៃសិស្ស និងអាណាព្យាបាលសិស្ស
២-ជាទីគួរគោរពពីសិស្សគ្រប់ជំនាន់ និងអ្នកផងទាំងពួង
៣-ជាទីលើកសរសើរពីសិស្សមិនដាច់ពីមាត់
៤-និយាយប្រដៅសិស្សឱ្យប្រឹងប្រែងរៀនសូត្រ និងអប់រំក្នុងផ្លូវល្អ
៥-អត់ធន់នឹងពាក្យសំដីអ្នកដទៃ បើទោះជានិយាយបែបមួលបង្កាច់ក៏ដោយ
៦-ពោលពាក្យដ៏ជ្រាលជ្រៅ គឺសំដីដ៏មានអត្ថប្រយោជន៍
៧-មិនដឹកនាំសិស្សឱ្យឋិតនៅក្នុងផ្លូវឥតបានផល ឬក្នុងផ្លូវអាក្រក់ ។
ក្នុងនាមជាគ្រូតែងស្រឡាញ់សិស្សស្មើៗគ្នា អប់រំសិស្សឱ្យខិតខំរៀនសូត្រព្រោះជាទំពាំងស្នងឫស្សី អប់រំឱ្យដើរតាមផ្លូវល្អ ចៀសវាងនូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលជាសត្រូវដល់សង្គមជាតិ។ ព្រោះហេតុនោះទើបគ្រូមាននាមថា ជាឪពុកម្តាយទី២ ។
ចែករំលែកព័តមាននេះ