តើគម្រោងរថភ្លើងល្បឿនលឿនភ្នំពេញ-កំពត អាចកើតឡើងឬទេ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី១០ នៃព្រឹទ្ធសភាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាខេត្ត លោក ជាវ…
រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី១០ នៃព្រឹទ្ធសភាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាខេត្ត លោក ជាវ…
រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី១០ នៃព្រឹទ្ធសភាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាខេត្ត លោក ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា អាជ្ញាធរខេត្តគ្រោងវិនិយោគទឹកប្រាក់៥០លានដុល្លារ ដើម្បីសាងសង់រថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ។ រថភ្លើងល្បឿនលឿននេះ អាចធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តកំពតដោយចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តក៏គ្រោងនឹងឲ្យមានព្រលានយន្ដហោះមួយថ្មី ដើម្បីទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុកផងដែរ ។
គម្រោងនេះពិតជាត្រូវបានសាទរពីសាធារណជនទូទៅ ដែលជួយសម្រួលចរាចរណ៍ ការតភ្ជាប់ការដឹកជញ្ជូន ការកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងជាជម្រើសថ្មីមួយទៀតសម្រាប់សេវាដឹកជញ្ជូន ។ ពិសេសនោះ នឹងជួយឲ្យខេត្តកំពតកាន់តែមានសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ខ្លាំងឡើងថែមទៀត ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា គម្រោងសាងសង់ខ្សែរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅខេត្តកំពត គ្រោងចំណាយទុនវិនិយោគចំនួន៥០លានដុល្លារដែលលោកអភិបាលខេត្តកំពតបានលើកឡើងនោះ មិនអាចទៅរួចទេ ។
លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ តុលា ម្សិលមិញ ថា គម្រោងនេះមិនអាចទៅរួចឡើយ ព្រោះថា ផ្លូវរថភ្លើងធម្មតា ក្នុង១គីឡូម៉ែត្រត្រូវចំណាយ៥លានដុល្លារ តែបើផ្លូវរថភ្លើងល្បឿនលឿនត្រូវចំណាយរហូតដល់៧លានដុល្លារក្នុង១គីឡូម៉ែត្រ ហើយនេះមិនទាន់គិតពីតម្លៃនៃទូររថភ្លើងទំនើបនិងការចំណាយផ្សេងៗនៅឡើយទេ ។ លោកបញ្ជាក់ថា ៖« តាមអ្វីដែលខ្ញុំដឹង គឺថ្នាក់ខេត្ត មិនមានសមត្ថកិច្ចសម្រេចកិច្ចការដ៏ធំបែបនេះទេ »។ លោកលើកឡើងថា ផ្លូវជាតិលេខ៣ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត មានប្រវែង១៤៨គីឡូម៉ែត្រ ហេតុនេះបើសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលចំណាយទឹកប្រាក់៧លានដុល្លារក្នុង១គីឡូម៉ែត្រ គឺត្រូវចំណាយរហូតដល់១.០៣៦លានដុល្លារអាមេរិកឯណោះ។ ហេតុនេះ គម្រោងនេះ វាគ្រាន់តែជាការស្រមើស្រមៃរបស់អភិបាលខេត្តរូបនេះប៉ុណ្ណោះ។
លោក វ៉ាស៊ីម សូរិយា បានថ្លែងថា គម្រោងដ៏ធំបែបនេះ ត្រូវការអនុម័តពីរាជរដ្ឋាភិបាល មិនអាចខេត្តធ្វើបានឡើយ ហើយគម្រោងបែបនេះត្រូវការរយៈពេលវែងតទៅទៀត ។
បើតាមលោក ជាវ តាយ នៅក្នុងកិច្ចស្វាគមន៍គណៈកម្មាការទី១០នៃព្រឹទ្ធសភាជាតិនោះបានថ្លែងថា ៖« នៅពេលខាងមុខ ខេត្តកំពតនឹងមានរថភ្លើងលឿនដើម្បីធ្វើម៉េចពីភ្នំពេញមកដល់កំពតរយៈពេល១ម៉ោង មកដល់ ហើយយើងនឹងគម្រោងឲ្យមានព្រលានមួយថ្មីដែលទាក់ទាញក្នុងស្រុក ហើយនឹងអាចឈានទៅទាក់ទាញជាអន្តរជាតិ »។ លោកអភិបាលខេត្តបន្ថែមថា ៖« យើងនឹងបង្កើតក្រុមហ៊ុនមួយ ហៅថា ក្រុមហ៊ុនមូលធនអភិវឌ្ឍន៍កំពត បានន័យថា យើងដាក់ភាគហ៊ុន១.០០០ ដោយក្នុង១ហ៊ុនតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះវាស្មើនឹង៥០លានដុល្លារ ដែលមានភាគហ៊ុនប្រជាជនទូទាំងប្រទេស នរណាក៏ចូលបានដែរ ក្នុងនោះ ខ្ញុំសុំដាក់១០០ហ៊ុន ស្មើនឹង៥លានដុល្លារដើម្បីបើកមុខធ្វើកិច្ចការនេះ »។ លោកបញ្ជាក់ថា ពេលនេះលោកបាននិងកំពុងទំនាក់ទំនងជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើជាគោលក្នុងការធ្វើកិច្ចការងារនេះឲ្យចេញជារូបរាងត្រឹមត្រូវតាមគម្រោង និងបទដ្ឋានស្តង់ដា ។
គួរកត់សម្គាល់ថា នៅឆ្នាំ២០១៨នេះ មានគម្រោងផ្លូវរថភ្លើងល្បឿនលឿនជាច្រើនខ្សែត្រូវបានវិនិយោគិនបរទេសកំពុងសិក្សា ដូចជា ភ្នំពេញ-សៀមរាប, ភ្នំពេញ-ខេត្តព្រះសីហនុ ជាដើម ។ ជាក់ស្ដែង ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ប្រទេសចិន CHINA RAILWAY បាននិងកំពុងសិក្សា ដើម្បីពិនិត្យលទ្ធភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ។ ប៉ុន្ដែគម្រោងទាំងនោះ មិនដឹងជាលេចរូបរាងនៅពេលណានោះទេ ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា ៖«ពិតជាមានផ្នែកឯកជនចង់សិក្សាពីផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅសៀមរាប, ពីសៀមរាបទៅប៉ោយប៉ែត និងពីភ្នំពេញទៅបាវិតមែន ហើយយើងកំពុងតែពិភាក្សាគ្នា »។ លោកថ្លែងថា ៖« បើផ្នែកឯកជនចង់វិនិយោគជាប្រភេទBOT ខ្ញុំអនុញ្ញាតឲ្យសិក្សា និងឲ្យវិនិយោគលើផ្លូវដែកនេះ ។ មិនថាវិនិយោគិនមកពីប្រទេសណានោះទេ ឲ្យតែមកវិនិយោគ ហើយគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា យើងស្វាគមន៍ទាំងអស់ ហើយរាជរដ្ឋាភិបាលគាំទ្រ១០០% » ។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ៖« យើងធ្វើការសិក្សាផែនការមេផ្លូវដែករបស់កម្ពុជាបានចប់សព្វគ្រប់អស់ហើយ ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) ប៉ុន្ដែយើងរង់ចាំតែអ្នកវិនិយោគឲ្យគេមកបណ្ដាក់ទុនប៉ុណ្ណោះ » ៕
ចែករំលែកព័តមាននេះ