ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃដំបូង ត្រូវផ្លាស់ទីផ្ទះបណ្ដែតទឹកក្នុងខេត្ត កំពង់ឆ្នាំងឲ្យទៅកាន់ចំណុចដីគោកដែលរៀបចំបម្រុងទុកដោយអាជ្ញាធរខេត្ត គឺបានចំនួនជាង ១០០ខ្នងផ្ទះទូទាំងខេត្ត។ អាជ្ញាធរខេត្តសំណូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការណ៍ទាន់ឱកាសទឹកទន្លេ កំពុងនៅខ្ពស់។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្ដល់កិច្ចសម្ភាសន៍ក្នុងពេលកំពុង តែរៀបចំការអូសផ្ទះបណ្ដែតទឹក មានប្រសាសន៍ថា៖ ការរៀបចំផ្លាស់ទីផ្ទះបណ្តែតទឹក គឺចង់ឲ្យមាន បរិស្ថានទឹកល្អព្រោះកន្លងមក ដោយសារការរស់នៅលើទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ដូចជាការ បន្ទោរបង់ ការចោលសំរាមធ្វើឲ្យទឹកកខ្វក់ ហើយយើងនាំគ្នាបូមទឹកទាំងនោះយកទៅបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពជាដើម។
បញ្ហាមួយទៀតអាជ្ញាធរខេត្តនឹងរៀបចំច្រាំងទន្លេឲ្យក្លាយជាតំបន់ ទេសចរណ៍ ដូចជាការរៀបចំបែចិញ្ចឹមត្រី ធ្វើសួនផ្កាជាដើម។ ហេតុនេះហើយ អាជ្ញាធរខេត្ត បានរៀបចំផ្លាស់ទីទៅកាន់ទីកន្លែងដែលបានរៀបចំបម្រុងទុក ដែលតាមការប្រមាណពីដំបូងឡើយ មានចំនួនជាង ៧០ហិកតា ប៉ុន្តែក្នុងជំហានដំបូង មានត្រឹមតែប្រមា៣៥ហិកតាតែប៉ុណ្ណោះ។ នៅទីតាំងថ្មីអាជ្ញាធរខេត្តនឹងរៀបចំធ្វើផ្លូវដាក់ប្រព័ន្ធលូបង្ហូរទឹក ដាក់ប្រព័ន្ធទឹកស្អាត ដាក់ភ្លើងអគ្គិសនី មានសាលារៀនផងដែរ។
លោកបានបញ្ជាក់ថា ថ្ងៃដំបូងដែលចាប់ផ្ដើមអនុវត្តទូទាំងខេត្ត ការអូសផ្ទះ ផ្លាស់ទីនៅ៦គោលដៅមានស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងស្រុកបរិបូរណ៍បានចំនួន១១៥ខ្នងផ្ទះ ។ ការផ្លាស់ទៅតាមគោលដៅនេះ គឺតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលថា៖ ពួកគាត់ទៅនៅ កន្លែងណា សុំផ្លាស់ទីឡើងគោកនោះ។ ប៉ុន្តែបើតាមផែនការ គឺពួកគាត់ត្រូវមកតាំង ទៅកន្លែងតែមួយ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ក្នុងនាមអាជ្ញាធរខេត្តលោក សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមសហការគ្នាដើម្បីអូសផ្ទះបណ្ដែតទឹក ទាន់ទឹកទន្លេនៅកំពុងខ្ពស់ ងាយស្រួលក្នុងការ ការអូសផ្ទះបណ្តែតទឹកនេះ ម្យ៉ាងវិញទៅបើយើងរុះរើពេលខែប្រាំងនឹងនាំឲ្យខូចខាត និងចំណាយថវិកាច្រើន។
ជាចុងក្រោយ អភិបាលរងខេត្តក៏បានសុំការយោគយល់អធ្យាស្រ័យ ពីសំណាក់បងប្អូនខ្លះដែរ ព្រោះការផ្លាស់ទីទៅកន្លែងថ្មី អាចមានការយឺតយ៉ាវក្នុងដាក់ចរន្តអគ្គីសនី និងប្រព័ន្ឋទឹកស្អាតជាដើម។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែទឹកមានចំនួន ២.៣៩៥គ្រួសារ មានចំនួនមនុស្ស ១០.០៨៧នាក់ ហើយថ្ងៃដំបូងនៃការអូសផ្ទះបណ្ដែតទឹក ទូទាំងខេត្តបានចំនួន១១៥ខ្នងផ្ទះ ក្នុងក្រុងកំពង់ឆ្នាំងបាន ៧ខ្នងផ្ទះ ឃុំតាជេសបានចំនួន ២០ខ្នងផ្ទះ,ព្រែករាំង ២៥ខ្នងផ្ទះ,បរិបូរណ៍១០ខ្នងផ្ទះ ,កំពង់ត្រឡាចបាន៤៤ខ្នងផ្ទះ និងស្រុកជលគីរី បានចំនួន៣ខ្នងផ្ទះ៕
ចែករំលែកព័តមាននេះ