ខេត្តកំពង់ធំ ៖ ឪពុកក្មេកបានកាប់កូនប្រសារបណ្តាលឱ្យរបួសធ្ងន់ធ្ងរបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១៨និង៣៥នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជនសង្ស័យនៅភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះថា ករណីអំពើហិង្សាខាងលើនេះ បង្កឡើងដោយជនសង្យ័យឈ្មោះ ប្រាក់ សឺយ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ រីឯជនរងគ្រោះឈ្មោះ ព្រិន ប្រាជ ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាកូនប្រសារបស់ជនសង្ស័យ) ចំណែកប្រពន្ធជនរងគ្រោះដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះ សឺយ សាវន អាយុ២៦ឆ្នាំ និងកូនប្រុស២នាក់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រាប់ថា មូលហេតុព្រោះខឹងនឹងជនរងគ្រោះរករឿងឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធដែលត្រូវជាកូនស្រីរបស់គាត់ ហើយកូនប្រសាដែលជាជនរងគ្រោះបានជេរដៀលដល់ពូជរបស់គាត់ ដែលជាហេតុធ្វើឲ្យរូបគាត់ជាឪពុកមានការខឹងសម្បាយ៉ាងខ្លាំង ទ្រាំពុំបាន ក៏ទាញកាំបិតផ្គាក់កាប់មួយកាំបិតបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ចំក្បាលលើស្លឹកត្រចៀកខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ចំណែកជនសង្ស័យជាឪពុកក្មេកត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន ហើយក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិឃុំក្រយាឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ