ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានស្ត្រីរងគ្រោះជាប្រពន្ធបានប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំអោយចាប់ខ្លួន ខណៈដែលបុរសជាប្តីស្រវឹងខួបរូបនេះបានធ្វើសកម្មភាពវាយតប់ប្រពន្ធឡើងទ្រោមខ្លួន និងបានវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអោយខូចខាតគ្មានសល់ ដែលហេតុការនេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ប៊ីច វណ្ណា អធិការរងនគរបាលស្រុកទ្រាំងបានអោយដឹងថា អំពើហិង្សាក្នុងគ្រួសារនេះបង្កឡើងជនសង្ស័យជាប្តីឈ្មោះ អ៊ុ អូន អាយុ៤១ឆ្នាំ មានមុខរបរកសិករ ស្រវឹងខួបបានវាយឈ្មោះ ណី ថាវី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ ហើយជនសង្ស័យបានបោកចាន បោកទូរទស្សន៏ វាយបំបែកទ្វារកញ្ចក់ផ្ទះអស់ពីរផ្ទាំង រួចយកប្រេងម៉ាស៊ូតនៅផ្ទះខ្លួនចាក់ពង្រាយក្នុងផ្ទះដុតឆេះអស់ពូកមួយពេលនោះមានអ្នកជិតខាងជួយពន្លត់ទាន់ពេលវេលា ។
លោកអធិការរងនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុជនសង្សយ័បានផឹកស្រាឡើងស្រវឹងជោកជាំ លុះពេលត្រឡប់ចូលផ្ទះក៏បានរករឿងប្រពន្ធ រួចបានវាយតប់ប្រពន្ធឡើងទ្រោមខ្លួន ហើយបានវាយបំផ្លាញទ្រព្យក្នុងផ្ទះគ្មានសល់ មិនតែប៉ុណ្ណោះប្តីប្រមឹករូបនេះបានយកប្រេងមកចាក់ស្រោចក្នុងផ្ទះដើម្បីដុតផ្ទះចោលតែសំណាងល្អបានអ្នកជិតខាងមកជួយពន្លត់ទាន់ កុំអីផ្ទះទាំងមូលត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ឡើយ ។
នៅចំពោះមុខប៉ូលិសប្តីប្រមឹករូបនេះបាននិយាយសារភាពថា រូបគេពិតជាបានផឹកស្រាស្រវឹងរួចប្រើអំពើហិង្សាលើប្រពន្ធ និងវាយបំផ្លាញទ្រព្យនៅក្នុងផ្ទះ រួចចាក់ប្រេងមានបំណងដុតផ្ទះចោលពិតប្រាកដមែន ។
លោក យ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានអោយដឹងថា នៅពេលនេះយើងកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះដើម្បីចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ