រាជធានីភ្នំពេញ ៖ អ្នកភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង៤ល្ងាច ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឮសូរសម្លេងទារកយំយ៉ាងរងំនៅក្នុងដីចំការមួយកន្លែងស្ថិតក្នុងភូមិរបស់ពួកគាត់ ក៏ប្រើឲ្យយុវជនម្នាក់ទៅមើល ស្រាប់តែឃើញទារកម្នាក់ទើបសម្រាលថ្មីៗ និងមានស្រមោចរោមខាំថែមទៀតផងមើលទៅគួរឱ្យសង្វេគណាស់។
អ្នកភូមិខាងលើឲ្យដឹងថា តាមការពិនិត្យមើលជាក់ស្ដែងទារកនោះទើបនឹងកើតមកថ្មីប៉ុណ្ណោះ ព្រោះផ្ចិតនៅមិនទាន់កាត់ ឬចងតាមបច្ចេកទេសរបស់គ្រូពេទ្យ ឬឆ្មបនៅឡើយ ចំណែកឯកាយសម្បទារមាំមួនល្អជាធម្មតា។ មិនតែប៉ុណ្ណោះក៏មិនមាននរណាម្នាក់ដឹង និងស្គាល់ថា ឪពុកម្ដាយរបស់ទារកកំសត់ខាងលើគឺជានរណានោះឡើយ។ ក្រោយពេលសម្រាលកូនរួច ក៏យកកូនទៅដាក់ចោលនៅក្នុងដីចំការមួយក្បែរផ្ទះរបស់យុវជនម្នាក់ឈ្មោះ សេង ស៊ីថា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ។
អ្នកភូមិបន្តថា ខណៈពេលឮទារកយំខ្លាំងពេក ក៏ត្រូវបានបុរសចំណាស់ម្នាក់ទៀតជាអ្នកភូមិជាមួយគ្នាប្រើឲ្យយុវជននោះដើរទៅមើល លុះទៅដល់ក៏ឃើញទារកម្នាក់នេះកំពុងតែដេកយំនៅលើដី ថែមទាំងមានសត្វស្រមោចកំពុងរោមខាំថែមទៀតផងឃើញហើយគួរឲ្យសង្វេគ ។ ពេលនោះយុវជននេះមានភាពស្រឡាំងកាំង និងស្រែកហៅក្រុមគ្រួសារ ព្រមទាំងអ្នកភូមិឲ្យទៅជួយមើល ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ហើយយុវជននោះក៏បីទារកខាងលើយកទៅផ្ទះរបស់ខ្លួន។
ប្រភពដដែលបន្តទៀតថា ពួកគាត់សង្ស័យថាទារកនេះគឺជាកូនរបស់កម្មការិនីម្នាក់ជួលផ្ទះស្នាក់នៅជិតៗនោះដែលបានបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារ ហើយភ្លើតភ្លើនប្រព្រឹត្តខុសគន្លងប្រពៃណីរហូតជ្រុលខ្លួនមានផ្ទៃពោះ។ បន្ទាប់មកត្រូវសង្សារក្បត់ចិត្តដោះដៃចោល ជាហេតុធ្វើឲ្យនាងពពោះម្នាក់ឯង ដោយខ្លាចឪពុកម្ដាយសាច់ញាតិដឹងខ្មាសអ្នកស្រុក ទើបពេលកូនកើតមកសម្រេចចិត្តយកទៅបោះចោលបែបនេះ ម្យ៉ាងទៀតប្រសិនបើគ្មានអ្នកប្រទះឃើញទេទារកនោះនឹងត្រូវស្លាប់មិនខានឡើយ។
ប្រភពខាងលើបន្តទៀតថា ពួកគាត់មិនដឹងថា តើទារកនេះត្រូវម្ដាយយកទៅបោះចោលតាំងពីពេលណានោះឡើយ ប៉ុន្តែខណៈនោះមេឃងងឹតជិតភ្លៀងផង ស្រាប់តែឮសម្លេងទារកយំយ៉ាងខ្លាំងនៅក្រោយផ្ទះ។ ពួកគាត់មានការងឿងឆ្ងល់ខ្លាំងណាស់ ព្រោះនៅក្នុងភូមិមិនមានស្ត្រីណាទើបសម្រាលកូនឡើយ ហេតុអ្វីទើបមានទារកយំបែបនេះ
លុះពេលយុវជនដើរទៅមើលស្រាប់តែប្រទះឃើញទារកនោះដេកយំនៅលើដីដោយមានសត្វស្រមោចរោមខាំថែមទៀតផង។ ឪពុកម្ដាយរបស់ទារកនេះពិតជាមនុស្សចិត្តដាច់ខ្លាំងណាស់ គ្មានធម៌មេត្តាឡើយដែលសុខចិត្តយកកូនទៅបំបរបង់ចោលដោយមិនគិតថា កូនកើតចេញពីផ្ទៃខ្លួនឯងសោះ ហើយពួកគាត់ក៏នាំយកទារកខាងលើទៅលាង និងជូតសម្អាតរួចរាល់ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យសុខភាព៕
ចែករំលែកព័តមាននេះ