ខេត្តស្ទឹងត្រែង ៖ ជំងឺគ្រុនឈាមជាជំងឺដែលអាចចម្លងទៅលើកុមារតូចៗតាមរយៈសត្វមូសខាំនៅពេលកុមារដេកដោយមិនបានចងមុងឱ្យបានត្រឹមត្រូវ។ស្របពេលដែលស្ថានភាពទឹកឡើង ហើយប្រជាពលរដ្ឋមួយចំនួនពុំទាន់អាចវិលត្រឡប់ទៅលំនៅស្ថានវិញបាន មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមពីព្រោះជំងឺនេះវាឆ្លងដល់កុមារតូចៗ ប្រសិនបើមាតាបិតា ឬអាណាព្យាបាលមិនបានចាប់អារម្មណ៍តាមដានជំងឺនេះដោយគ្រូពេទ្យបានណែនាំនោះទេ វាអាចធ្វើឱ្យកុមារស្លាប់បានកាលណាមិនបានទទួលការព្យាបាលត្រឹមត្រូវ។
ក្នុងឱកាសចុះពិនិត្យសកម្មភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាពក្នុងក្រុងស្ទឹងត្រែងថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលនិងជាប្រធានក្រុមអន្តរា
គមន៍ប្រយុទ្ធនិងជំងឺឆ្លងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ជំងឺគ្រុនឈាមមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែប្រជាពលរដ្ឋក៏មិនត្រូវធ្វេសប្រហែសនោះដែរ ព្រោះរដូវវស្សាមានភ្លៀងច្រើន និងទឹកជំនន់មេគង្គឡើងខ្ពស់ផង អាចសំបូរមូសខ្លា ខាំព្រោះមូសប្រភេទនេះវាមានផ្ទុកវីរីសបណ្តាលឱ្យកើតជំងឺគ្រុនឈាម។
លោកស្រី និន សូរិយា ប្រធានមណ្ឌលសុខភាពឃុំថាឡាស្រុកថាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ជំងឺប្រភេទនេះភាគច្រើនកើតឡើងចំពោះកុមារមានអាយុពី១៥ឆ្នាំចុះ ហើយវានឹងបង្កគ្រោះថ្នាក់ខ្លាំងចំពោះកុមារមានអាយុក្រោម៥ឆ្នាំតែម្តង ជាពិសេសជម្ងឺនេះច្រើនកើតមានឡើងនៅរដូវទឹកស្រកនេះដោយសារកាកសំណល់មួយចំនួនអាចផ្តល់ជាប្រភពកកើតពពួកសត្វមូស។
លោកស្រីអះអាងថា មន្ត្រីសុខាភិបាលបានចុះទៅអប់រំឲ្យប្រជាពលរដ្ឋបន្ថែមដើម្បីឱ្យប្រុងប្រយ័ត្នរួចហើយដែរ តែសំខាន់ជាងនេះសូមឲ្យពួកគាត់ចេះសំអាតបរិស្ថាននៅជុំវិញផ្ទះ ព្រោះនៅរដូវវស្សាមួសខ្លាខាំកើតជំងឺគ្រុនឈាម ។
លោក អៀង ថៃ មន្ត្រីផ្តល់សេវាមូលដ្ឋាននៅមណ្ឌលសុខភាពឃុំថាឡាបានបញ្ជាក់ថា វិធានការការពារជំងឺគ្រុនឈាមនេះ មន្ត្រីសុខាភិបាលពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យចេះមើលថែកូនចៅ ការពារកុំឲ្យមូសខ្លាខាំ ទើបយើងលើកកម្ពស់ថែរក្សាសុខភាពបាន ព្រោះពួកគាត់ជាអ្នកស្រែចំការច្រើនប្រឈមនឹងជំងឺគ្រុនចាញ់ ឬគ្រុនឈាមនេះ ។
លោកស្រី កែវ លន រស់នៅភូមិស្រះឬស្សី ក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ភារកិច្ចនេះប្រជាពលរដ្ឋបានអនុវត្តតាមការណែនាំគ្រប់មធ្យោបាយដែលមន្ត្រីសុខាភិបាលបានផ្សព្វផ្សាយកន្លងមក ។ លោកស្រីបញ្ជាក់ថា ជាពិសេសនៅរដូវទឹកឡើងក៏ដូចជាទឹកស្រកនេះ បងប្អូនតែងតែបានសំអាតបរិស្ថាននៅជុំវិញផ្ទះជាប្រចាំដើម្បីបញ្ចៀសពីជំងឺឆ្លងផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ករណីជំងឺគ្រុនឈាមនេះ មន្ត្រីសុខាភិបាលបានពន្យល់ថា បើបងប្អូនកូនចៅមានអាការៈក្តៅខ្លួនខ្លាំងមានកំដៅចាប់ពី៣៩ទៅ៤០អង្សាប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពី២ថ្ងៃឡើងក្នុងស្ថានភាពមុខឡើងក្រហមដេកច្រើន ឬមានសញ្ញាពណ៌ក្រហមលើស្បែក សូមប្រញាប់រួសរាន់នាំកុមារមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យជាបន្ទាន់ និងទទួលសេវាព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ