រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង១១និង៥០ទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨ មុននេះបន្តិចមានករណីទុស្សេខ្សែភ្លើង នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្កជាអគ្គិភ័យឆាបឆេះលើបង្គោលភ្លើង ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
សេចក្តីរាយការណ៍បន្តថា ពាក់ពន្ធ័ទៅនឹងករណីនេះដែរ ជាជំហានដំបូងត្រូវបានគេឃើញមានក្រុមការងារមួយក្រុម នាំគ្នាដើរកាត់ខ្សែកាប មួយចំនួនតាមបណ្តោយផ្លូវម៉ៅសេទុងខាងលើនេះ ។ លុះបន្តិចក្រោយមកទំនងជាកាត់ខុសបច្ចេកទេស ទើបបង្កឲ្យទុស្សេខ្សែភ្លើងឆេះលើបង្គោលយ៉ាងសន្ធោសន្ធៅតែម្តង ។
ភ្លាមនោះកម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ និងហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលចំនួន១គ្រឿងមកបាញ់ទឹកពន្លត់ ហើយក៏បណ្តាលឲ្យខ្សែភ្លើង និងខ្សែកាបមួយចំនួនឆេះដាច់ធ្លាក់ពេញផ្លូវផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ