ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​លំបាក​របស់​ភរិយា

5 ឆ្នាំ មុន

ស្វាមី​ក៏​ត្រូវ​ដឹងផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន ក្នុង​ឋានៈ​ជា​ស្រី្ត​ភេទ​ទន់ខ្សោយ ដែល​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ប្រុស​គឺៈ ១-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ការ​ព្រាត់​ពី​បង ប្អូន ម្ដាយ ឪពុក ញាតិ​មិត្ត ស្រុក​កំណើត​មក​នៅ​អាស្រ័យ​នឹង​ស្វាមី…

ស្វាមី​ក៏​ត្រូវ​ដឹងផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន ក្នុង​ឋានៈ​ជា​ស្រី្ត​ភេទ​ទន់ខ្សោយ ដែល​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ប្រុស​គឺៈ

១-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ការ​ព្រាត់​ពី​បង ប្អូន ម្ដាយ ឪពុក ញាតិ​មិត្ត ស្រុក​កំណើត​មក​នៅ​អាស្រ័យ​នឹង​ស្វាមី មនុស្ស​ចម្លែក​ថ្មី ដែល​ធ្វើ​ឲ្យ​នាង​មិន​ស្រណុកចិត្ត ឬ​ខ្លាច​ៗ ធ្វើ​នេះ​មិន​សម ធ្វើ​នោះ​មិន​សម ព្រោះ​ប្លែក​កន្លែង ដូច្នេះ​ស្វាមី​ត្រូវ​ព្យាយាម​សម្រួល​ឲ្យ​ភរិយា​របស់​ខ្លួន​បាន​ស្រួល​ចិត្តគំនិត​ផង ។

២-​ស្ត្រី​តែង​មាន​សេចក្ដី​ទុក្ខ​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នៅ​ពេល​ដល់​ចុងខែ​ជា​ពេល​ដែល​នាង​មាន​ឈាមរដូវ​។ ក្នុង​រដូវ​កាល​នេះ នឹង​ធ្វើ​ឲ្យ​ឈឺ​ចុកចាប់​ដល់​ពោះ ឬ​ឈឺក្បាល ឬ​ទៅ​ជា​អាការ​ផ្សេង​ៗ បើ​ជួន​ជា​ឈាមរដូវ​ដើរ​មិន​ទៀង​ផង ឬ​មាន​ធ្លាក់ស​ផង​នោះ ក៏​នឹង​រឹតតែ​ជា​បញ្ហា​។ ស្វាមី​ត្រូវ​យល់​និង​ជួយ​រួមចំណែក​នូវ​សេចក្តី​ទុក្ខ​នេះ​ផង និង​មិន​ធ្វើ​អ្វី​ដែល​ជា​ការ​លំបាក​ដល់​នាង​ឡើយ ។

៣-​នាង​តែង​មាន​សេចក្ដី​ទុក្ខ នៅ​ពេល​ដែល​នាង​មានគភ៌ ទាំង​អៀនខ្មាស ទាំង​ត្រូវ​ទ្រាំ​ថែម​ទៀត​នូវ​ទម្ងន់​កូន​ក្នុង​ផ្ទៃ​ជា​រៀងរាល់ថ្ងៃ​។ នាង​មិន​អាច​ឈរ​បាន​ស្រួល ដើរ​បាន​ស្រួល ឬ​ប្រកប​កិច្ចការ​បាន​ស្រួល ដូច​កាលដែល​មិន​មានកូន​នោះ​ទេ​។ ទាំង​ចំណីអាហារ​ក៏​ដូច​គ្នា​ដែរ មាន​ស្រី​ខ្លះ​រហូត​ដល់​ចាញ់កូន ឬ​នឹក​ចង់​ចំណី​ផ្ដេសផ្ដាស​ដែល​រក​មិន​បាន​ក៏​មាន ពិបាក​ណាស់​។

៤-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ត្រូវ​បម្រើ​សេចក្ដី​ត្រូវការ​ខាង​ផ្លូវភេទ​របស់​ស្វាមី​។ ចំណុច​ត្រង់នេះ សំខាន់​ណាស់​ចំពោះ​អ្នកជា​ស្វាមី​ដែល​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ខ្លួន និង​អារម្មណ៍​របស់​នាង​ដែរ មិនមែន​ចេះ​តែ​ត្រូវការ​ពេល​ណា ក៏​ចេះ​តែ​ប្រព្រឹត្ត​សេព​នោះ​ទេ ។

៥-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ពេល​ដែល​នាង​ប្រសូត​បុត្រ​។ ស្វាមី​គប្បី​នៅ​ថែទាំ និង​ជា​កម្លាំងចិត្ត​ដល់​នាង​នូវ​គ្រប់​កិច្ចការ​ទាំងពួង​។ ត្រង់​ចំណុច​នេះ​អ្នកជា​ស្វាមី​គប្បី​សាកសួរ​ចាស់​ៗ​ឲ្យ​បាន​ច្រើន​ផង​ដែរ ។

ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​រ​ង្គា​យ​សេចក្តី​ខ្លះ​គឺ​មិន​អាច​ពណ៌នា​ឲ្យ​អស់​នូវ​សេចក្ដី​ពិត​របស់​ស្រី​បាន​ទេ ស្វាមី​គប្បី​សាកសួរ ពិនិត្យ​បន្ថែម​ទៀត​ដោយ​ខ្លួន​ផង​ចុះ និង​ត្រូវ​ចង​ចាំ​ថា ពេល​នាង​មានទុក្ខ​លំបាក តែបើ​ស្វាមី​រូប​ណា​ចេះ​ជួយ​ឲ្យ​នាង​អស់​ទុក្ខ បាត់​កង្វល់ នាង​នឹង​ប្រាកដជា​ស្រឡាញ់​អ្នក គោរព​អ្នក​អស់​មួយ​ជីវិត ។