រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញជំរុញឲ្យចៅសង្កាត់ អភិបាលខណ្ឌ ស្មៀនក៏ដូចកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួនលើសេវាសាធារណៈ បំពេញឯកសារលិខិតស្នាម ធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋឲ្យបានទាន់ពេល ចៀសវាងបងប្អូនទៅពឹងពររកចៅសង្កាត់មិនឃើញ។
ក្នុងសន្និបាតបូលសរុបការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈ
កម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ សីហា នៅសាលារាជធានី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៏ថា ដោយកន្លងមកមាន ភាពអសកម្មចំពោះការមកបំពេញសេវាសាធារណៈរបស់ប្រជាពលរដ្ឋ បានលេចឮពាក្យលើកឡើងថា រកចៅសង្កាត់ពិបាកជួបជាងរដ្ឋមន្ត្រីនោះ នៅពេលនេះ អភិបាលរាជធានី សុំឲ្យចៅសង្កាត់ អភិបាលខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងការងារនេះឡើងវិញ។ គ្រប់មន្ត្រីដែលមានតួនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់លើការងារតម្រូវការប្រជាជនឲ្យបានល្អ ។
លោកបញ្ជាក់ថា ការងារបំពេញសេវាសាធារណៈនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែនៅខ្វះចន្លោះត្រង់សង្កាត់នេះ ដូច្នេះ ទើបរដ្ឋបាលរាជធានីសុំឲ្យសង្កាត់រៀបចំយន្តការជាក្រុមចាំទទួលបដិសណ្ឋាកិច្ចទទួលសេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។
អភិបាលរាជធានីបានបញ្ជាក់ថា រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ សុទ្ធសឹង ជាអ្នកបំរើប្រជាពលរដ្ឋ ដែលគេហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះកិច្ចការបំរើប្រជាពលរដ្ឋនេះ ត្រូវធ្វើចាប់ពីភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ព្រោះថា គ្រប់ការងារ បើសិនជាមិនមានការទទួលស្គាល់ និងការចូលរួម ពីប្រជាពលរដ្ឋនោះ កិច្ចការរបស់យើង ក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣ និងមន្ទីរជំនាញចំនួន២៦មន្ទីរ ដែលសុទ្ធសឹងជាអ្នកបំរើប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ