រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ គ្រោងនឹងរៀបចំទីវត្តអារាមដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍ សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ។
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កិច្ចប្រជុំឆ្លងគោលការណ៍ណែនាំស្ដីពីវត្តទេសចរណ៍បានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងធម្មការ លោកសារ៉ាយ ឆុន ប្រធានសមាគម CATA លោកស្រីឆាយ ស៊ីវលីន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោកជុក ជំនោរ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ មន្ទីរធម្មការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកទិត ចន្ថា លើកឡើងថា ការរៀបចំឱ្យមាន «វត្តទេសចរណ៍» គឺជាការជំរុញឱ្យទីអារាម សំខាន់ៗនៅក្នុងតំបន់គោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយវត្តអារាមនៅតាមតំបន់គោលដៅទេសចរណ៍ ធំៗនៅកម្ពុជា ឱ្យក្លាយទៅជាកន្លែងទាក់ទាញទេសចរ ឬអាចទទួលទេសចរឱ្យទៅទស្សនានៅក្នុងទីអារាមទាំងនោះបាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍កំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា ។
ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមាន៖ គោលដៅសំខាន់ទី១៖ ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅក្នុងប្រទេសកម្ពុជា ។ ផ្តល់ឲ្យភ្ញៀវមានជម្រើសច្រេីនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវប្រភពចំណូល និងការជួយដល់វត្តអារាមទាំងនោះផងដែរ ។ គោលដៅសំខាន់ទី២៖ ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិក្នុងការសិក្សាឈ្វេងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ ។
លោកទិត ចន្ថា បញ្ជាក់ថា «ដើម្បីទទួលស្គាល់វត្តថាជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះត្រូវតែមានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេ មានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិនាមល្បីល្បាញល្អ ។ ព្រះសង្ឃ ឬអាចារ្យវត្តក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជាផ្លូវការនាពេលខាងមុខ ។ នៅតាមវត្តអារាម សំខាន់ៗមួយចំនួននៅតាមតំបន់គោលដៅទេសចរណ៍ សំខាន់ៗ ក៏កំពុងរៀបចំបណ្ដើរហើយដែរ និងមានទេសចរ ទស្សនាជាបន្តបន្ទាប់ »។
ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីអន្តរក្រសួង-ស្ថាប័ន នឹងជួបពិភាក្សាគ្នាម្ដងទៀតក្នុងការប្រមូលធាតុចូលបន្ថែម ក៏ដូចជារៀបចំគោលការណ៍ណែនាំរួម ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញសេចក្ដីប្រកាសអន្តរក្រសួងមួយ មុនអនុវត្តការងារទាំងនេះជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩ ៕
ចែករំលែកព័តមាននេះ