រាជធានីភ្នំពេញ ៖ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាបន្តមានកំណើនកើនគួរឲ្យកត់សម្គាល់ ក្នុងនោះនៅតំបន់ភ្នំពេញទទួលបានជាង១,៣លាននាក់ ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ កើនឡើងជាង១៦% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧ ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិបានចូលមកទស្សនានៅតំបន់ក្រុងភ្នំពេញក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានប្រមាណជាង១,៣លាននាក់ ស្មើនឹង៤៥,៤%នៃចំនួនសរុប ពោលគឺកើនឡើង១៦,៤% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៧ ។ កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាតំបន់ក្រុងភ្នំពេញនេះ ត្រូវបានវិស័យឯកជនដែលអ្នកប្រតិបត្តិក្នុងវិស័យទេសចរណ៍បានសាទរ ហើយរំពឹងថា រាជរដ្ឋាភិបាលនឹងធ្វើអ្វីបន្ថែមទៀតដើម្បីស្រូបយកភ្ញៀវទេសចរឲ្យកាន់តែមានកំណើនថែមទៀត ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា៖« យើងសាទរនៃការកើនឡើងនេះ ប៉ុន្តែយើងរំពឹងថារាជរដ្ឋាភិបាលនឹងធ្វើអ្វីបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាឱ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគុណភាព »។ លោកជំទាវបន្តថា ៖« ចំនួនតួលេខដែលក្រសួងទេសចរណ៍លើកឡើងនេះ គឺមានកំណើនជាងមុន ប៉ុន្តែបើការយល់ឃើញរបស់យើងដែលជាប្រតិបត្តិករទេសចរណ៍ យើងចង់បានច្រើនជាងនេះ ដោយសារយើងក្រឡេកទៅមើលប្រទេសជិតខាង ក៏មានការកើនឡើងដែរ។ យើងចង់បានភ្ញៀវទេសចរកើនឡើង ហើយមានគុណភាពដែលសំដៅអ្នកទេសចរដែលយកលុយមកចាយនៅក្រុងភ្នំពេញឱ្យបានច្រើនជាងមុន និងស្នាក់នៅឲ្យបានយូរជាងមុន »។
បើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ នៅរាជធានីភ្នំពេញមានកន្លែងសក្តានុពលច្រើនសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ ហើយកន្លែងទាំងនោះហាក់មិនសូវមានការទាក់ទាញភ្ញៀវនៅឡើយ ។
លោកជំទាវលើកឡើងថា ៖« យើងមើលឃើញនៅជុំវិញក្រុងភ្នំពេញមានកន្លែងសក្តានុពលច្រើនគួរសម តែយើងនៅស្ទើរទាំងការផ្សព្វផ្សាយ និងការអភិវឌ្ឍ ទើបកំណើនភ្ញៀវមិនទាន់សមស្របនឹងការចង់បានរបស់យើង »។ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាមានចំនួន៧៨៨.៣៨៧នាក់ កើនឡើង៧៨,៧% បើធៀបនឹងគ្រាដូចគ្នានៃឆ្នាំមុន ឈរនៅលំដាប់លេខរៀងទី១ តាមពីក្រោយដោយភ្ញៀវវៀតណាម មានចំនួន៣២៣.៨៩៥នាក់ ថយចុះ២,៥% និងចំណាត់ថ្នាក់លេខ៣ គឺភ្ញៀវទេសចរឡាវ មានចំនួន១៧៧.៦៩៩នាក់ ថយចុះ៣,២% ។
ចំណែកតំបន់ទេសចរណ៍សំខាន់ៗដូចជា ភ្នំពេញទទួលបានភ្ញៀវទេសចរអន្តជាតិចំនួន១.៣៨៧.៦៤៩នាក់, តំបន់សៀមរាបអង្គរ មានចំនួន១.២០៦.៦៣៦នាក់ កើនឡើង១០,៤%, តំបន់ឆ្នេរ ទទួលបានទេសចរអន្តរជាតិ៤១៥.៥៨៣នាក់ កើនឡើង២២,៦% ខណៈតំបន់អេកូទេសចរណ៍ភូមិភាគឦសាន ទទួលបាន៣៥.៥៨៦នាក់ កើនឡើង៥,៥% និងតំបន់ប្រាសាទព្រះវិហារ មានចំនួន២៨.០៦៤នាក់ ថយចុះ៥,១% ៕
ចែករំលែកព័តមាននេះ