រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងរោងចក្រជារោងចក្រផលិតឆត្រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងរោងចក្រយីហោ អ៊ីយីង ខេមបូឌា អ៊ិនដាសស្ទ្រៀល ឯ.ក ចំណុចឃ្លាំង លេខ៥ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីខាងតំណាងរោងចក្របានប្រាប់អោយដឹងថា អគ្គីភ័យនេះបានកើតឡើងបន្ទាប់ពីកម្មករ-កម្មការិនីបានសម្រាក និងចេញពីធ្វើការអស់ ហើយនៅវេលាម៉ោង៦ល្ងាច ហើយក៏បិទទ្វារឃ្លាំងដូចរាល់ថ្ងៃ ដែលឃ្លាំងនោះសង់អំពីថ្ម ប្រក់ស័ង្កសីជាឃ្លាំងពិនិត្យវេចខ្ចប់ឥវ៉ាន់ ។ រហូតរំលងបានជា២០នាទីក្រោយ ស្រាប់តែឃើញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងមកក្រៅទើបភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើង ។
ចំពោះអគ្គីភ័យនេះខាងលើនេះខាងរោងចក្រដាក់ការសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងឆេះធ្លាក់កំទេចភ្លើងមកក្រោមត្រូវក្រណាត់ និងក្រដាសឡាំងទើបបង្កជាអណ្តាតភ្លើងឆាបឆេះរាលដាលពេញនៅក្នុងឃ្លាំងតែម្តង ភ្លាមៗនោះដែរខាងបុគ្គលិករោងចក្រជាជនជាតិចិនបានព្យាយាមពន្លត់ដោយប្រើប្រាស់ទុយោទឹកពន្លត់អគ្គីភ័យរបស់រោងចក្រភ្លាមៗដែរ តែដោយសារភ្លើងរាលដាលខ្លាំងពេកក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានសុំជំនួយរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៏ជាបន្ទាន់ភ្លាមៗដែរ ។
តាមប្រភពពត៌មានពីលោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គីភ័យរាជធានីភ្នំពេញ និងលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រួមសហការជាមួយកងរាជអាវុធ ព្រមទាំងប្រជាការពារខណ្ឌ បានបញ្ជាក់អោយដឹងថា ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៏ទាំងអស់ចំនួន១១គ្រឿង និងបានសហការគ្នាយ៉ាងញាប់ដៃញាប់ជើងធ្វើការបាញ់ពន្លត់អស់ទឹកចំនួន៥គ្រឿង ប្រើរយៈពេល៣០នាទីភ្លើងក៏រលត់ទៅវិញ១០០ភាគរយ ។
ក្រោយកើតហេតុខាងដំណាងរោងចក្របានប្រាប់អោយដឹងថា ចំពោះទំហំនៃការខូចខាតគឺខាងរោងចក្រមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះខាងរោងចក្ររង់ចាំខាងក្រុមហ៊ុនធានារ៉ាប់រងមកវាយតំលៃអំពីទំហំនៃការខូចខាត តែជាក់ស្តែងនៅពេលនេះគ្រាន់តែតែដឹងថា អគ្គីភ័យនេះបានឆេះសម្ភារ និងឥវ៉ាន់មួយចំនួននៅក្នុងឃ្លាំងស្ទើរតែទាំងស្រុង ៕
ចែករំលែកព័តមាននេះ