ខេត្តព្រៃវែង ៖ នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨ ត្រូវបានក្រសួងអប់រំយុវជន និងកីឡា កំណត់ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០១៨ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តព្រៃវែង ការប្រឡងនេះ បានចាប់ផ្តើមដំណើរការពីម៉ោង៧ព្រឹក ថ្ងៃទី២០ សីហា និងបានដំណើរការទៅយ៉ាងរលូន ដោយគ្មានបាតុភាពអ្វីខុសប្លែកគួរឲ្យកត់សម្គាល់នោះទេនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្ត។
ចំណែកនៅក្រៅបរិវេណប្រឡងវិញ សន្តិសុខមានការយាមកាមបានយ៉ាងល្អ រីឯបងប្អូនសាច់ញាតិ បេក្ខជនប្រឡង ក៏មិនមានភាពជ្រួលច្របល់រញ៉េរញ៉ៃ ដូចកាលពីឆ្នាំមុនៗដែរ។ បើតាមការបញ្ជាក់ពី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែងបានឲ្យដឹងថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨នេះ ខេត្តព្រៃវែងមានមណ្ឌលប្រឡងចំនួន១២មណ្ឌល ស្មើនឹង២៥៦បន្ទប់ ស្ថិតនៅក្នុងក្រុងស្រុកចំនួន៤ រួមមាន ក្រុងព្រៃវែងមាន៥មណ្ឌល ស្រុកបាភ្នំមាន៣មណ្ឌល ស្រុកស្វាយអន្ទរមាន៣មណ្ឌល និងស្រុកពារាំងមាន៤មណ្ឌល។
មានបេក្ខជនប្រឡងសរុបចំនួន ៦,៣០៦នាក់ ស្រី៣,១៥២នាក់ នៅក្នុងនោះដែរបេក្ខជនដែលអវត្តមាន មិនបានមកចូលរួមប្រឡង មានចំនួន៥៨នាក់ ស្រី៣៤នាក់។ ថ្លែងនៅក្នុងពេលអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡង នៅក្នុងមណ្ឌល ប្រឡងវិទ្យាល័យព្រះអង្គឌួង ក្នុងក្រុងព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ត្រូវអនុវត្តឲ្យបានល្អតាមបញ្ញតិ្តរបស់ក្រសួងអប់រំយុវជន និងកីឡា មិនត្រូវលាក់សំណៅឯកសារ លួចចម្លងគ្នា ត្រូវប្រើប្រាស់នូវសមត្ថភាពរបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក ឲ្យស្របតាមពាក្យស្លោកថា (អ្នកចេះគឺជាប់)៕
ចែករំលែកព័តមាននេះ