រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមប្រុសស្រី១៣នាក់ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយត្រួតពិនិត្យរកឃើញថា ជនទាំង១៣នាក់ ពុំមានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ។
ការឃាត់ខ្លួនធ្វើឡើងនៅក្នុងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ផងដែរ ។
ជាលទ្ធផលកម្លាំងនគរបាលបានត្រួតពិនិត្យលើជនជាតិវៀតណាមជាច្រើននាក់ ប៉ុន្តែក្នុងនោះរកឃើញតែ១៣នាក់ប៉ុណ្ណោះ ដែលជាជនជាតិវៀតណាមមានស្រី០៨នាក់ ដែលពុំមានលិខិតឆ្លងដែន និងសៀវភៅអនុញ្ញាត្តិការងារត្រឹមត្រូវតាមផ្លូវច្បាប់ ដូច្នេះហើយពួកគេត្រូវឃាត់ខ្លួនភ្លាមៗបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឲ្យដឹងថា ចំពោះជនបរទេសណាដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាដោយពុំមានភ្ជាប់មកជាមួយខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធអ្វីទាំងអស់នោះពួកគេនឹងត្រូវឃាត់ខ្លួនភ្លាមៗបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃ សុំធ្វើការបណ្តេញចេញពីកម្ពុជាទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ