ខេត្តព្រៃវែង ៖ យោងតាមរបាយការណ៍របស់គណៈកម្មការគ្រោះមហន្តរាយខេត្តព្រៃវែងបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៥ សីហា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន៦ក្នុងខេត្តព្រៃវែង បានធ្វើឱ្យផ្លូវ សាលារៀន ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋរាប់រយហិកតាជន់លិច និងរងការខូចខាត។
ប្រភពដដែលនេះបានបញ្ជាក់ថា ស្រុកដែលរងផលប៉ះពាល់នោះរួមមាន ១-ស្រុកពាមរក៍ប៉ះពាល់ចំនួន៨ឃុំ ២-ស្រុកស៊ីធរកណ្តាលប៉ះពាល់ចំនួន១០ឃុំ ៣-ស្រុកព្រះស្តេចប៉ះពាល់១ឃុំ ៤-ស្រុកកំចាយមារប៉ះពាល់ចំនួន៤ឃុំ ៥-ស្រុកពារាំងប៉ះពាល់ចំនួន៥ឃុំ និង៦-ស្រុកពោធ៌រៀងប៉ះពាល់ចំនួន៤ឃុំ។ ក្នុងនោះទឹកបានលិចចូលក្រោមផ្ទះអ្នកស្រុកចំនួន៤៥៨ខ្នង ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព១គ្រួសារ ប៉ះពាល់ផ្លូវប្រវែង២៨៥៦៦ម៉ែត្រ លិចចូលសាលារៀនចំនួន១១កន្លែង មណ្ឌលសុខភាព១កន្លែង វត្ត១កន្លែង ប៉ះពាល់ស្រូវចំនួន៦៧១៣៥ហិកតា ដំណាំផ្សេងៗចំនួន១៧ហិកតា និងជម្លៀសសត្វគោក្របីទៅរកទីទួលសុវត្ថិភាពចំនួន៦៨ក្បាល។
ឆ្លើយតបចំពោះបញ្ហាទឹកជំនន់នេះ អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកនីមួយៗបានចុះពិនិត្យ និងតាមដានពីស្ថានភាពជាប់ជាប្រចាំ និងបានចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់ ដូចជាការចុះជួយទប់ទំនប់ ការទប់និងជួសជុលផ្លូវដែលទឹកហូរដាច់ ព្រមទាំងត្រៀមស្បៀងបង្ការសំរាប់ជួយដល់ជនរងគ្រោះដែលខ្វះខាតស្បៀងផងដែរ ដោយឡែកក្រុមមន្ត្រីជំនាញ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះជួយប្រជាពលរដ្ឋនៅតាមភូមិឃុំដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជាពិសេសគឺពេទ្យសម្រាប់ព្យាបាលមនុស្ស និងពេទ្យសម្រាប់ព្យាបាលសត្វ។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងស្រុកចំនួន៤ផ្សេងទៀតនៃខេត្តព្រៃវែង គឺ១-ស្រុកកំពង់ត្របែក ២-ស្រុកស្វាយអន្ទរ ៣-ស្រុកព្រះស្តេច និង៤-ស្រុកបាភ្នំ កំពុងជួបប្រទះនូវគ្រោះរាំងស្ងួតជាខ្លាំង បណ្តាលឱ្យស្រែស្រូវរបស់បងប្អូនប្រជាកសិករសរុបចំនួន១២.៥៧៣ហិកតា កំពុងប្រឈមនឹងបញ្ហាស្វិតងាប់ដោយសារខ្វះទឹក ហើយបច្ចុប្បន្ននេះអាជ្ញាធរខេត្តបានសហការជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងចុះជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវទាំងអស់នោះហើយ៕
ចែករំលែកព័តមាននេះ