ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលនៅក្នុងពិធីមង្គលការមួយ ខណៈកូនក្រមុំបានដួលសន្លប់ ពេលកំពុងអង្គុយឱ្យព្រះសង្ឃសូត្រមន្ត ក្នុងចំណោមបងប្អូននិងភ្ញៀងយ៉ាងច្រើន ហើយពិធីក៏ត្រូវបានផ្អាក ដោយត្រូវបញ្ជូនកូនក្រមុំទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី២៣ កក្កដា ស្ថិតក្នុងភូមិអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ប្រភពស្ត្រីឈ្មោះសំ សុខា ត្រូវជាម្ដាយកូនក្រមុំបានឱ្យដឹងថា កូនក្រមុំគាត់នេះមានឈ្មោះឆៃ លីណា អាយុ១៧ឆ្នាំ និងគូអនាគតដែលកូនប្រសាគាត់ មានឈ្មោះរិះ រាជ អាយុ១៧ឆ្នាំ ។ គាត់បន្តថា ពេលគាត់បញ្ជូនកូនដល់មន្ទីរពេទ្យបង្អែកខេត្តបន្ទប់សង្គ្រោះបន្ទាន់ អស់រយៈពេលជាង២ម៉ោង ដោយត្រូវបានក្រុមពេទ្យជួយសង្គ្រោះ ។ កូនស្រីគាត់នេះ ធ្លាប់ដួលសន្លប់៣លើកហើយ ដោយកូនស្រីធ្លាប់ប្រាប់ថា ចេះតែថប់ៗចុងដង្ហើមរួចដួលសន្លប់តែម្តង ។
នៅថ្ងៃទី២៤ កក្កដា គឺជាថ្ងៃមង្គលការនោះ គឺមិនអាចហែរជំនួនបានទេ ព្រោះខ្លាចកូនក្រមុំដួលសន្លប់ទៀត។ ដោយឡែកគ្រូពេទ្យបានឱ្យដឹងដែរថា កូនក្រមុំដួលសន្លប់នេះ គឺមានជំងឺខ្វះជាតិស្ករ ទើបបណ្តាលឱ្យដួលសន្លប់បែបនេះ ។ ទោះបីជាយ៉ាងណា កូនក្រមុំមានអាការៈធូរស្បើយវិញ ដោយគ្រូពេទ្យបានឱ្យត្រឡប់ទៅផ្ទះវិញ នៅម៉ោង០៦ និង៣០នាទីថ្ងៃដដែល ដើម្បីរៀបចំពិធីបន្តទៀត ។
ចែករំលែកព័តមាននេះ