កាមគឺចំណង់, សេចក្តីប្រាថ្នា, តម្រូវការគ្មានទីបំផុត។ កាមនេះតែងដុតរោលចិត្តសត្វលោកឱ្យអន្ទះអន្ទែងស្ទុះទៅរកកងទុក្ខគ្មានទីបញ្ចប់ឡើយ។ សមដូចពុទ្ធភាសិតត្រាស់ថា៖
អនិច្ចា អទ្ធុវា កាមា ពហុទុក្ខា មហាវិសា អយោគុឡោវ សន្តត្តោ អឃមូលា ទុក្ខប្ផលា។ ប្រែថាកាមទាំងឡាយមិនទៀង មានទុក្ខច្រើន មានពិសច្រើន ជាឫសនៃសេចក្តីលំបាក មានទុក្ខជាផល ដូចជាដុំដែកក្តៅ តែវាជាតម្រេករបស់សត្វលោក។
កាមនេះមានពីរយ៉ាងគឺ កិលេសសកាម១ វត្ថុកាម១។ កិលេសកាមបានដល់ គឺសេចក្តីសៅហ្មងចិត្តខាងក្នុងទាំងប៉ុន្មាន ឈ្មោះថាកិលេសកាម។ ចំណែកវត្ថុកាមបានដល់រូប សំឡេង ក្លិន រស សម្ផស្ស ទាំង៥នេះឈ្មោះថាវត្ថុកាម។ កាមទាំងពីរប្រការនេះ រមែងជារបស់មិនទៀងទាត់ទេ តែងប្រែប្រួលផ្លាស់ប្តូរទៅជាធម្មតា គឺមិននៅនឹងនួនជួនបាន ជួនបង់ចិត្ត ចង់បានមិនចេះចប់ បាននេះហើយចង់បាននោះទៀត(បានម៉ូតូហើយ ចង់បានឡានទៀត ឬបានផ្ទះសមរម្យហើយ ចិត្តលោភចង់បានវីឡាកប់ពពកទៀត…) ពោលគឺបានប៉ុណ្ណេះហើយ ចង់បានប៉ុណ្ណោះទៀតមិនស្កប់ចិត្តឡើយ ។
ដោយសារតែចំណង់នេះហើយ ធ្វើឱ្យសត្វលោកទាំងពួងទាំងឡាយខំត្រដរតស៊ូគ្រប់ផ្លូវដើម្បីឱ្យបានវត្ថុនោះមកជារបស់ខ្លួន តែជួនមិនបានមកតាមបំណងក៏ក្តៅក្រហាយអន្ទះអន្ទែងចិត្ត ម្ល៉ោះហើយក៏នាំឱ្យសោកសៅក្តៅក្រហាយ ស្តាយកាមទាំងនោះ គឺនាំឱ្យកើតទុក្ខក្នុងការស្វែងរក កើតទុក្ខក្នុងការថែរក្សារហូតទៅ។
រួមសេចក្តីមក កាមទាំងពីរនេះឯងជាឫស ជាដើមចមនាំមកនូវសេចក្តីទុក្ខ ផលរបស់កាមមានតែទុក្ខច្រើនជាងសុខ កាមនេះឯងជាពិសដែលចាប់ពើតចិត្តសត្វលោកឱ្យក្តៅក្រហាយ អ្នកណាឈ្លក់ជក់ជាប់នឹងកាម អ្នកនោះឯងឈ្មោះថាជាប់ដៃនៅនឹងដុំដែកដ៏ក្តៅពន់ពេក មិនងាយនឹងត្រជាក់បានឡើយ។
ចែករំលែកព័តមាននេះ