រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលចិនបានប្រកាសផ្តល់ជំនួយ២៥៩លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនាព្រឹកថ្ងៃទី២០ កក្កដា ថា គម្រោងទឹកប្រាក់ជំនួយដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានចុះហត្ថលេខារួចហើយរវាងក្រសួងសេដ្ឋកិច្ច និងធនាគារនីហរ័ណ អាហរ័ណចិន ។
គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ នឹងត្រូវសាងសង់ប្រវែង៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវដែលអាចឲ្យរថយន្តធ្វើចរាចរណ៍បាន៤គន្លង ដោយផ្លូវមានទទឹងសរុប២៥ម៉ែត្រ ។
ផ្លូវនេះចេញពីចំណុចផ្លូវជាតិលេខ៤ តំបន់អូរដឹម តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ផ្លូវនេះត្រូវបានចុះហត្ថលេខាសាងសង់រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមហ៊ុនសៀងហៃ ខនស្ត្រាក់សិន ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ជាគម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនយ៉ាងសំខាន់នៅជុំវិញក្រុងភ្នំពេញ និងតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ ដោយតភ្ជាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ តភ្ជាប់មកកាន់ផ្លូវជាតិលេខ៤ មកកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះមកកាន់កំពង់ផែអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានការសាងសង់ស្ពានមួយចំនួន ដែលបានបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថា សម្តេចតេជោ នឹងជ្រើសរើសយកគំរូណាមួយនោះទេ ។ លោកបន្តថា ៖« ការកសាងហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់សម្រាប់ប្រទេស ព្រោះដើម្បីសម្រួលការដឹកជញ្ជូន ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ » ។
ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាដំណោះស្រាយមួយ ខណៈកម្ពុជាកំពុងប្រឈមនឹងបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធនានា។ ហេតុនេះ ការវិនិយោគលើហេដ្ឋារចនា
សម្ព័ន្ធជារឿងចាំបាច់មួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដើម្បីពន្លឿនការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត ។
យោងតាមសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះបានលាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧នៃស្រុកចំនួន៣ ក្នុងខេត្តកណ្តាល និងខណ្ឌចំនួន២ របស់រាជធានីភ្នំពេញ ។
គម្រោងនេះចាប់ផ្តើមចេញពីចំណុច PK ១៦+៨០០ ផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចប្រសព្វ PK៦៤+៤០៨ និងផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ ។
គម្រោងនេះក៏ឆ្លងកាត់ស្រុកស្អាងដែរ រួមមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ហើយស្រុកកណ្តាលស្ទឹង រួមមាន ឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ ។ ចំណែកក្នុងរាជធានីភ្នំពេញ ត្រូវឆ្លងកាត់សង្កាត់គងនយ សាក់សំពៅ ពងទឹក និងប្រទះឡាងនៃខណ្ឌដង្កោ សង្កាត់ភ្លើងឆេះរទេះ កន្ទោក និងចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ