រាជធានីភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៤លានរៀលត្រូវបានព្រះតេជគុណសុវណ្ណជោតិបណ្ឌិតខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាធ្វើពិធីប្រគល់ជួនដល់ក្រសួងធម្មាការ និងសាសនា ។ ពិធីនេះបានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ដោយមានការអញ្ជើញចូលរួមទទួលពីលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាតំណាងក្រសួង ធម្មការ និងសាសនា និងប្រគល់ដោយព្រះតេជគុណព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិតខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាព្រមទាំងមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទផងដែរ ។ ក្នុងឱកាសនោះលោកញ៉ែម វ៉ាលី ក៏បានកោតសរសើរដល់ព្រះតេជគុណ បណ្ឌិតខឹម សម្បត្តិ ដែលតែងតែបានជួយជ្រោមជ្រែង និងនាំអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះជាបន្តបន្ទាប់ ។ ជាពិសេសទៀតព្រះអង្គបានផ្តល់អំណោយជាបន្តបន្ទាប់ដល់អនុសាខា កាកបាទក្រហមកម្ពុជាតាមបណ្តាខណ្ឌ និងបណ្តាក្រសួងមន្ទីរនានា ដើម្បីនាំបន្តយកទៅចែកជួនដល់ប្រជាពលរដ្ឋក្នុងនាមមនុស្សធម៌បំផុត ។
លោកបានសន្យាថា នឹងនាំអំណោយនេះយកទៅប្រគល់ដល់ក្រសួងធម្មការ និងសាសនា ដើម្បីចាត់ចែងនាំយកទៅចែកជួនដល់ជនរងគ្រោះបន្តទៀត ។ ព្រះតេជគុណព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានមានសង្ឃដីកាថា អំណោយទាំងនេះបានមកពីការចូលរួមពីពុទ្ធបរិស័ទ និងសប្បុរសជននានាដែលបានផ្តល់តាមរយៈសហគមន៍ ហើយព្រះអង្គក៏បានចាត់ចែងប្រគល់ ក្រសួងធម្មការ និងសាសនានោពេលនេះ ។
ព្រះតេជគុណក៏បានមានសង្ឃដីកាបន្តទៀតថា ការចូលរួមបម្រើមនុស្សធម៌បាននូវបុណ្យកុសលច្រើនណាស់ ។ ម្យ៉ាងទៀតវាជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រួលដល់ការលំបាកដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដែលកំពុងតែជួបប្រទះនូវការខ្វះខាតជីវភាព ៕
ចែករំលែកព័តមាននេះ