ខេត្តកំពង់ឆ្នាំង៖ គួរឱ្យសង្វេគណាស់ បាតុភូតធម្មជាតិតែមួយប៉ប្រិចភ្នែកបានធ្វើឱ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់នៅកណ្ដាលវាលស្រែ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់កៅឳ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈជនរងគ្រោះទាំងពីរនាក់កំពុងស្ទូងស្រូវ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សេង ស្រីរ័ត្ត ភេទស្រី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាប្អូនបង្កើត រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។
ក្រោយកើតហេតុជនរងគ្រោះដែលរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពក្រាំងល្វា ដោយឡែកសពសស្ត្រីរងគ្រោះត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ