ទីក្រុងឡុងដ៍ ៖ អ្នកដឹកនាំក្នុងជួររដ្ឋាភិបាល និងក្រុមអាជីវកម្មនៅចក្រភពអង់គ្លេសបានខ្វែងគំនិតគ្នា បន្ទាប់ពីរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់ចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះបានចេញការគំរាមកំហែងមិនសមរម្យ ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតយន្តហោះ Airbus បានព្រមានពីផលប៉ះពាល់នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (EU) ឬហៅកាត់ថា Brexit ។ ក្រុមហ៊ុននេះនិយាយថា ៖« ការចាកចេញដោយគ្មានកិច្ចព្រមព្រៀង នឹងបង្ខំឲ្យក្រុមហ៊ុនពិចារណាពីគោលជំហររយៈពេលវែង និងធ្វើឲ្យការងាររាប់ពាន់កន្លែងនៅប្រទេសអង់គ្លេសជួបនឹងហានិភ័យ » ។
ចំណែកក្រុមហ៊ុនអឺរ៉ុបផ្សេងទៀតដែលដំណើរការនៅអង់គ្លេសដែរនោះ ក៏បានចាប់ផ្តើមបង្ហាញការព្រួយបារម្ភផងដែរពីភាពមិនប្រាកដប្រជាក្នុងផ្នែកពាណិជ្ជកម្ម នៅពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នាខែមីនា ឆ្នាំក្រោយ ។
ក្រុមហ៊ុនផលិតរថយន្ត BMW របស់ប្រទេសអាល្លឺម៉ង់ ក៏បានព្រមានថា ក្រុមហ៊ុននឹងរៀបចំផែនការអាសន្នក្នុងរយៈពេលប៉ុន្មានខែទៀត ប្រសិនបើមិនទាន់មានភាពប្រាកដប្រជាពីគោលជំហរក្រោយ Brexit ។ រីឯក្រុមហ៊ុន Siemens បាននិយាយដែរថា ពួកគេត្រូវការភាពប្រាកដប្រជាសម្រាប់ការរៀបចំដំណើរការអាជីវកម្មរបស់ពួកគេផងដែរ ។
រដ្ឋមន្ត្រីសុខាភិបាល លោក Jeremy Hunt បានប្រាប់សារព័ត៌មាន BBC ថា ៖«វាពិតជាមិនស័ក្តិសមទេ ដែលអាជីវកម្មទាំងនេះគំរាមកំហែងបែបនេះ ។ ពួកយើងកំពុងតែស្ថិតនៅក្នុងពេលសំខាន់មួយក្នុងការចរចាអំពី Brexit ហើយពួកយើងត្រូវតែគាំទ្រលោកស្រីនាយករដ្ឋមន្ត្រី Theresa May » ។
ជាមួយគ្នានេះ ក្រុមអ្នកដឹកនាំអាជីវកម្មធំៗចំនួន៥ បានព្រមានលោកស្រីនាយករដ្ឋមន្ត្រី Theresa May កាលពីចុងសប្តាហ៍នេះថា ការគ្មានភាពប្រាកដប្រជាអំពី Brexit គឺអាចនឹងបង្កឲ្យអង់គ្លេសខាតបង់ប្រាក់រាប់ប៊ីលានដុល្លារ ៕
ចែករំលែកព័តមាននេះ