ខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្សជិត៦០០នាក់នៃសាលាបឋមសិក្សាបាលិលេយ្យ ស្ថិតក្នុងភូមិក្បាល ស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ដែលតែងតែជួបការលំបាកព្រោះតែសាលាលិចទឹករាល់រដូវ វស្សា នឹងទទួលបានអគារសិក្សាថ្មីសង់ពីថ្មនាពេលខាងមុខ ជាចំណងដៃរបស់សប្បុរសជន ក្រោមការផ្តួច ផ្តើមនិងជួយឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត
បន្ទាយមានជ័យ និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ។បច្ចុប្បន្ន ថ្នាក់រៀនបណ្តោះអាសន្នកំពុងចាប់ផ្តើមសាងសង់ហើយដោយធ្វើពីដែក ប្រក់ស័ង្កសីស្ថិតក្នុងបរិវេណវត្តបាលិលេយ្យដូចគ្នា តែម្ខាងផ្លូវ ។ ថ្នាក់រៀនបណ្តោះអាសន្ននេះ គឺត្រៀមឱ្យសិស្សចូលរៀនមួយរយៈខ្លី ស្របពេលដែលអគារចាស់ត្រូវរុះរើសាងសង់ជាអគារថ្មី ធ្វើពីថ្មមានកម្ពស់២ជាន់ នាពេលឆាប់ៗខាងមុខ ។
លោក សាន ស៊ានហូ អភិ បាលក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានផ្តួចផ្តើមគំនិតនិងចូលរួមថវិកា ក្នុងនោះឱ្យលោកអំពាវនាវរកសប្បុរសជនឱ្យជួយ ដើម្បីធ្វើយ៉ាងណាសាងសង់អគារ សិក្សាថ្មីមួយឡើង ។ លោកបន្តថា ក្រោយការអំពាវនាវក៏មានសប្បុរសជនជាច្រើនបានចូលរួមទាំងថវិកា និងសម្ភារក្នុងនោះ ក្រុមហ៊ុនប៉ោយប៉ែតអភិវឌ្ឍន៍ ជួយចំនួន២ម៉ឺនដុល្លារ ការិយាល័យអប់រំយុវជននិងកីឡាក្រុងប៉ោយប៉ែត ជួយដែក១០តោន សាលាសង្កាត់ប៉ោយប៉ែត ជួយដែក១០តោន ការិយាល័យធម្មការនិងសាសនាក្រុងប៉ោយប៉ែតជួយស៊ីម៉ង់ត៍១០តោន ក្រុមហ៊ុនរបស់ថៃមួយក៏នឹងចូលរួមជួយផងដែរ ។
ក្រៅពីនេះ ជាថវិការបស់លោកឧបនាយករដ្ឋមន្ត្រី និងរូបលោកផ្ទាល់តែម្តង ។លោក សាន ស៊ានហូ ថ្លែងទៀតថា អគារសិក្សាខាងលើនឹងសាងសង់ពីថ្មមាន៥បន្ទប់ កម្ពស់២ជាន់ស្មើ១០បន្ទប់ ក្នុងទំហំទឹកប្រាក់១៣ម៉ឺនដុល្លារអាមេរិក ហើយនឹងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២ ខែកក្កដាខាងមុខ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។លោក សាន ស៊ានហូ បញ្ជាក់ថា ក្រៅពីសាលាបឋមសិក្សាបាលិលេយ្យក៏នឹងសាងសង់អគារសិក្សា ថ្មីមួយកន្លែងទៀត ដើម្បី បំពេញតាមតម្រូវការខ្វះខាតរបស់ពលរដ្ឋនៅភូមិអូរឫស្សី លើក្នុងសង្កាត់ផ្សារកណ្តាល ដោយសាង់សង់ពីថ្មដូចគ្នា១ខ្នង ស្មើ៦បន្ទប់ ។ ការសាងសង់អគារ សិក្សានេះជាថវិការបស់លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល និងសប្បុរសជន តាមគំនិតផ្តួចផ្តើមរបស់លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ដូចគ្នាដែរ ៕
ចែករំលែកព័តមាននេះ