ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ការងារ​ក្រោម​ប្រធានបទ ឱកាស​ការងារ និង​កម្មសិក្សា​ការងារ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ហ៊ូ វ​តនៈ អភិបាលរង​ខេត្តស្វាយរៀង បាន​ថ្លែង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន ហើយ​ឈាន​ដល់​អាយុ​ចូល​ធ្វើការ​ក្នុង​ចំនួន​ប្រមាណ ៣​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ…

ខេត្តស្វាយរៀង ៖ ឯកឧត្តម ហ៊ូ វ​តនៈ អភិបាលរង​ខេត្តស្វាយរៀង បាន​ថ្លែង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន ហើយ​ឈាន​ដល់​អាយុ​ចូល​ធ្វើការ​ក្នុង​ចំនួន​ប្រមាណ ៣​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ និន្នាការ​បែប​នេះ​នឹង​បន្ត​ក្នុង​រយៈពេល​វែង​ទៅ​មុខ​ទៀត​។ ឯកឧត្តម​បាន​ថ្លែង បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​២​កើត ខែ​បឋម​សាធ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​វេទិកា​ការងារ​ស្តី​ពី​(​ឱកាស​ការងារ និង​កម្មសិក្សា​ការងារ​) ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​ការងារ​ខេត្តស្វាយរៀង សហការ​ជាមួយ​សាកលវិទ្យាល័យ​ស្វាយ​រៀង សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី វិទ្យាស្ថាន CGTI គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មីក្រូហិរញ្ញវត្ថុ​អម្រឹត ធនាគារ​ស្ថាបនា រោងចក្រ​សាន​ហ្វេ​ង រោងចក្រ​ថប​ស្ព័ត និង​កាស៊ីណូ​ឡឺ​ម៉ា​កាវ ព្រមទាំង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត សរុប​ចំនួន​ប្រមាណ​៦០០​នាក់​។ ឯកឧត្តម​បាន​បន្ថែម​ថា ដោយសារ​កត្តា​ប្រជាសាស្ត្រ​បែប​នេះ បាន​ផ្តល់​នូវ​ផល​លាភ​ដល់​កម្ពុជា ប៉ុន្តែ​ក្នុង​ពេល​ទន្ទឹម​គ្នា វា​ក៏​ជា​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​បង្កើត ការងារ​ថ្មី​បាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់នេះ​ផង​ដែរ​។

ដូច​យើង​ទាំងអស់​គ្នា បានដឹង​ស្រាប់​ហើយ​ថា សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​កម្លាំង​ពលកម្ម​គឺជា​ទ្រព្យ​ដែល​បង្កើត​ចំណូល ដ៏​ចម្បង​បំផុត​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ឯកឧត្តម ហ៊ូ វ​តនៈ អភិបាលរង​ខេត្តស្វាយរៀង បាន​សម្តែង នូវ​ការ​កោតសរសើរ និង​បាន​បញ្ជាក់​ថា វេទិកា​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ នាំ​មក​នូវ​ឱកាស​ការងារ​ក្នុង​ខេត្ត ជា​ពិសេស​ការ​ជួប​ផ្ទាល់​រវាង​និយោជក និង​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​ការ​ស្វែង​យល់​ពី​ព័ត៌មាន​ការងារ​នានា​។ វេទិកា​នេះ​ក៏​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​វិស័យ​ការងារ ហើយ​ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​របស់​យើង​គ្រប់​គ្នា ចំពោះ​បុព្វហេតុ នៃ​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បញ្ជាក់​ថា មជ្ឈមណ្ឌល​ការងារ​ខេត្តស្វាយរៀង ពិតជា​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត ឲ្យ​ទទួល​បានការ​ងារ​ធ្វើ ទទួល​បាន​ប្រាក់បៀវត្សរ៍​ទ្រទ្រង់​គ្រួសារ របស់​ពួក​គេ ពិសេស​បាន​ជួយ​កាត់​បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​យកចិត្ត ទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ និង​មាន​ចំណូល​សមរម្យ​។

ឯកឧត្តម ទុំ សារា​វុ​ធ សាកល​វិទ្យា​ធិ​ការ​នៃ សាកលវិទ្យាល័យ ស្វាយ​រៀង​បាន​លើក​ឡើង​បន្ថែម​ថា យុវជន​គប្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ក៏​ដូច​ជា​ព្យាយាម ស្វែងរក​ព័ត៌មាន​នានា​ឲ្យ​ស្រម​តាម​ភាព​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​។ លោក ហែម ពុទ្ធិ ប្រធាន​មជ្ឈមណ្ឌល​ការងារ ខេត្តស្វាយរៀង​បន្ថែម​ទៀត​ថា សកម្មភាព​សំខាន់​ៗ​ដែល​មជ្ឈមណ្ឌល​ការងារ​ខេត្ត បាន​អនុវត្ត​កន្លង​មក​មាន​ដូច​ជា ចុះ​ឈ្មោះ​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​ចំនួន​ជាង​១​ម៉ឺន​នាក់​, ផ្គូផ្គង​អ្នក​ស្វែង​រកា​ងារ​ធ្វើ​ទៅ​ឲ្យ​និយោជក ចំនួន​ប្រមាណ​៩​ពាន់​នាក់ អ្នក​ទទួល​បានការ​ងារ​ធ្វើ​ចំនួន ជាង​២​ពាន់​នាក់​, រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ការ​ណែនាំ​អាជីព​ការងារ និង​វិជ្ជាជីវៈ​សម្រាប់​និស្សិត​, រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ការ​រៀបចំ​ផែនការ​អាជីព និង​ជ្រើសរើស​ជំនាញ​សិក្សា​សម្រាប់​សិស្ស​វិទ្យាល័យ​, ទំនាក់ទំនង និង​ទទួល​ជួប​ជាមួយ​និយោជក ក្រុមហ៊ុន សហគ្រាស​, ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស បុគ្គលិក ,​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ​បណ្តុះបណ្តាល និង​អាហារូបករណ៍​, សិក្ខាសាលា​ផ្សព្វផ្សាយ និង​ប្រមូល​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​មូលដ្ឋាន ,​រៀបចំ​វេទិកា​ការងារ និង​រៀបចំ​ពិព័រណ៍​ចល័ត​ជាដើម​។ ប្រធាន​មជ្ឈមណ្ឌល​ការងារ​ខេត្តស្វាយរៀង​រូប​នេះ បាន​សំណូមពរ​ដល់​ប្អូន​ៗ​និស្សិត​ត្រូវ​ប្រឹងប្រែង ស្វែងរក​ការងារ​ធ្វើ តាម​រយៈ​ជា​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ពេញ​ម៉ោង ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍ ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​ជំនាញ​របស់​ខ្លួន ក្នុង​ការ​ឈាន​ទៅ​រក​ការងារ​ល្អ​ប្រាក់បៀវត្សរ៍​ខ្ពស់​ទៅ​ថ្ងៃ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ