ក្រុងពលី ឬក្រុងពាលីនេះបានជាទីរាប់អានរបស់មហាជនជាច្រើន ដែលពិធីនេះគេឃើញមានរៀបចំធ្វើឡើងនៅក្នុងពិធីនានាស្ទើរតែមិនរំលង ពិសេសនៅក្នុងពិធីឆ្លងសមិទ្ធផល និងក្នុងពិធីមង្គលការ ។
យោងតាមឯកសារនានាទាក់ទងទៅនឹងទំនៀមទម្លាប់បែបសាសនា លោកឱ្យប្រើបានទាំងពីរពាក្យ ប៉ុន្តែសាសនាដទៃពីគ្នា ។ ផ្នែកព្រះពុទ្ធសាសនាលោកឱ្យប្រើពាក្យក្រុងពលី សំដៅទៅពលី៥យ៉ាង ៖
១-បុព្វបេតពលី រៀបរណ្តាប់មាន បាយស្ពក បង្អែមចំអាប ទៀន ធូប ឧទ្ទិសជូនបុព្វការីជនដែលបានស្លាប់ទៅហើយ ។
២-អតិថិពលី ធ្វើបដិសណ្ឋារៈភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដើម្បីជាសក្ខីភាព។
៣-ញាតិពលី ធ្វើបដិសណ្ឋារៈចំពោះញាតិសាច់សាលោហិតដែលបានជួបជុំទទួលដឹងឮ។
៤-រាជពលី ធ្វើពិធីគោរពតាមច្បាប់ទម្លាប់របស់ប្រទេសជាតិ គឺស្នើសុំដល់រដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ដឹងឮនិងអនុញ្ញាត ដែលហៅថា ក្រុងពលីនោះឯង។
៥-ទេវតាពលី បូជាដល់ទេព្តា មានពិធីបួងសួងដល់ទេវតាជាដើម ។
ពិធីនេះឃើញមានធ្វើនៅក្នុងពិធីបញ្ចុះខន្ធសីមា លើកផ្ទះ ឡើងផ្ទះថ្មី ឆ្លងអណ្តូង ឆ្លងរោងទេវតា ឆ្លងផ្លូវថ្នល់ ឆ្លងកុដិ សាលា ឆ្លងដើមពោធិ៍…។
ចំណែកព្រហ្មញ្ញសាសនា ហៅថា ក្រុងពាលី
ពិធីនេះភាគច្រើនលោកអាចារ្យរៀបចំធ្វើនៅក្នុងពិធីមង្គលការ មានប្រកាសអារាធនាអារុក្ខអារក្សទេវតាក្នុងឆកាមាវចរសួគ៌ទាំង៦ជាន់ ទាំងអ្នកតាចាស់ស្រុក នាងហ៊ីង ព្រះធរណី…និងសូមគោរពអញ្ជើញស្តេចក្រុងពាលីយាងមកទទួលយកនូវភស្តុភារបណ្ណាការក្រយាបូជានេះហោង ។
បើតាមទស្សនៈរបស់ខ្ញុំយល់ឃើញថា ពិធីទាំងឡាយបើអ្នកចាត់ចែង(ក្រុមអាចារ្យ)ធ្វើឱ្យត្រឹមត្រូវទៅតាមលទ្ធិពុទ្ធសានាវិញនោះ គឺងាយណាស់ អស់ប្រាក់តិច និងប្រហែលជាមិនបង្កការលំបាកដល់សាមីដើមបុណ្យទេ តែមិនដូច្នោះទេអ្នករៀបចំពិធីតែងបង្គាប់ម្ចាស់ទានសព្វបែបយ៉ាងសឹងតែម្ចាស់ទានល្មមៗស្ទើរគ្មានលទ្ធភាពធ្វើ ។ នេះក៏ត្រូវបានមហាជនដាក់ការសង្ស័យថា អ្នកទាំងនោះអាចជាឱកាសទាញយកលាភសក្ការៈពីពិធីក្រុងពលី ឬក្រុងពាលីបានយ៉ាងងាយ ។
ចែករំលែកព័តមាននេះ