ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​១៨៩​គ្រួសារ អបអរសាទរ​ចំពោះ​ចំណាត់​របស់​អាជ្ញាធរ​ខេត្ត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេ​ត្ព​កំពត មាន​ក្តី​រីករាយ ខណៈ​អាជ្ញាធរ​ខេត្តកំពត បញ្ជូន​ក្រុមការងារ​ទៅ​ពិនិត្យ ដោះស្រាយ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេ​ត្ព​កំពត មាន​ក្តី​រីករាយ ខណៈ​អាជ្ញាធរ​ខេត្តកំពត បញ្ជូន​ក្រុមការងារ​ទៅ​ពិនិត្យ ដោះស្រាយ និង​វាស់វែង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​គាត់​។ ជាមួយនឹង​បេសកកម្ម​ចុះ​ពិនិត្យ ដោះស្រាយ​ដី​ខាងលើ​នេះ លោក ង៉ែត សា​វឿ​ន ជំនួស​ឱ្យ​ក្រុមការងារ​វាស់វែង​ដីធ្លី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ការ​ចុះ​អនុវត្ត​នេះ ក្រុមការងារ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បាន​ចុះ​បេសកកម្ម​តាម​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត តាម​រយៈ ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ មក​រដ្ឋបាល​ខេត្តកំពត​ឱ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​សម្របសម្រួល និង​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​នា​ពេល​កន្លង​មក​។ លោក ង៉ែត សា​វឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​នេះ​ក្រុមការងារ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្រទាប់ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ ដើម្បី​អនុវត្ត​តាម​ការ​ស្នើ​សុំ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មាន​សារព័ត៌មាន ក្នុងស្រុក​មួយ​ផ្នែក​តូច​បាន​ចុះ​ផ្សាយ​ពី​ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដោយ​ការ​ចុះ​ផ្សាយ ខាងលើ​គឺ​បំផ្លើស​ពី​ការ​ពិត​ទាំងស្រុង​។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ​បាន​ដុតដៃដុតជើង​ខិតខំ​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដោយ គ្មាន​ពេលទំនេរ​ឡើយ​។ ហើយ​អំឡុង​ពេល​នេះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១៧៩ គ្រួសារ ក្រុមការងារ​បាន​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចំនួន​៨៣​គ្រួសារ​រួច​ហើយ​។ ចំណែក​នៅ​សេសសល់ ក្រុមការងារ​នឹង​បន្ត​នីតិវិធី​ដើម្បី ពិនិត្យ ដោះស្រាយ​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់​ទៀត​។ ជាមួយ​នេះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ពី​ករណី​ប្រឈម​មួយ​ចំនួន ដូច​ជា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ចំនួន​១៨៩​គ្រួសារ ខាងលើ​មានឈ្មោះ​ស្ទួន​រហូត​ដល់​៤១​គ្រួសារ ទើប​ក្រុមការងារ​ពិបាក​រក​ដំណោះស្រាយ​ជូន​។ បាន​ន័យ​ថា ឧបសគ្គ​កើតឡើង​គឺ​ផ្តើម​ឡើង​ដោយសារ​ភាគី​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ មិនមែន​ពាក់ព័ន្ធ​ជាមួយ អាជ្ញាធរ និង​ក្រុមការងារ​ដែល​កំពុង​តែ ចុះ​ទៅ​អនុវត្ត​ការ​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់ នោះ​ឡើយ​។

និយាយ​ឲ្យ​ចំ​ទៅ​គឺ​វិវាទ រវាង​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​១៨៩​គ្រួសារ ជាមួយ​ប្រជាពលរដ្ឋ​១០៣​គ្រួសារ ដែល​បាន​ប្រកាស​ទិន្នន័យ​ក្បាលដី​រួច​ហើយ​។ លោក ង៉ែត សា​វឿ​ន បាន​បញ្ជាក់​បន្ថែម​ថា ទោះជា​មាន​ករណី​ប្រឈម​ខ្លះ​ៗ​ដោយសារ​មនុស្ស​ខិលខូច​មួយ​ក្តាប់​តូច​បង្ក​ភាព​ញុះញង់​យ៉ាងណា​ក៏​ដោយ ក៏​ក្រុមការងារ​របស់​លោក​មិន​រា​ថយ ឡើយ​គឺ​នៅ​តែ​បន្ត​នីតិវិធី​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ខាងលើ​ឱ្យ​បាន​ជោគជ័យ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ការ​ចុះ​ពិនិត្យ ដោះស្រាយ និង​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ក្រុមការងារ​បាន​អនុវត្ត​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​១៨៩​គ្រួសារ ចាប់ពី​ខែមីនា ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បាន​សរុប​៨៣​គ្រួសារ ទំនាស់​៥ គ្រួសារ​។

ហើយ​ក្នុង​ចំណោម​១៨៩​គ្រួសារ ក៏​មានឈ្មោះ​ស្ទួន​រហូត​ដល់​ទៅ​៤១ គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ ស្មើនឹង​១៤​ក្បាលដី កំពុង​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ដូច​គ្នា​ដែល​មាន​ចំនួន​១០៣​គ្រួសារ ដែល​មាន​ផ្ទៃដី​៥២៣​ហិ​កតា ក្នុង​សេចក្តីជូនដំណឹង​លេខ ១៤០២( ស​ជ​ណ​) ចុះ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ក្រុមការងារ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ធ្វើការ​បិទ​ផ្សាយ​រួច​ហើយ ហើយ​ក្រុមការងារ​បាន​វាស់វែង​កាលពី​ឆ្នាំ​២០១៦​កន្លង​មក​។ ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ចំណោម ១៨៩​គ្រួសារ​ដែល​ក្រុមការងារ​បា​ចុះ​វាស់វែង​ជូន​បងប្អូន​បាន រួចរាល់​ដោយ​រលូន គឺ​មូលហេតុ​ដោយសារ​តែ គ្មាន​ទំនាស់​នោះ បាន​អបអរសាទរ រីករាយ​ចំពោះ​ក្រុមការងារ​យ៉ាង​ខ្លាំង និង​ថ្លែង​ការ​ដឹងគុណ​ចំពោះ អាជ្ញាធរ​គ្រប់​ថ្នាក់ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​និច្ចកាល សម្តេច​តែងតែ​គិតគូរ​ដឹង​សុខ​ដឹង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា​អ្វី​ទាំងអស់​គឺ​ជាតិខ្មែរ​តែ​មួយ រស់នៅ​ដោយ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ក្រោម​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ