ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងនៅឃុំចំនួន២ក្នុងស្រុកពួក ត្រូវខ្យល់កន្ត្រាក់បោកបក់ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បណ្ដាលឱ្យរបើកដំបូលផ្ទះ។
តាមប្រភពពីសមត្ថកិច្ចស្រុកពួកបានឱ្យដឹងថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងនោះស្ថិតនៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្ថិតក្នុងស្រុកពួក របើកដំបូលផ្ទះចំនួន១ខ្នង ដែលមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ចាំងស្លឹក ដំបូលប្រក់សង្ក័សី ជើងសសរ១ម៉ែត្រ ម្ចាស់ឈ្មោះ ម៉ាន់ ហូន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ ធ្វើស្រែរស់នៅភូមិកើតហេតុខាងលើ ។
ចំណែកក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ក៏មានហេតុការណ៍ខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន៣ខ្នងផងដែរ ក្នុងនោះដំបូលសង្ក័សីចំនួន២ខ្នង និងរបើកដំបូលក្បឿង១ខ្នង ។
សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នោះ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ៕
ចែករំលែកព័តមាននេះ