ខេត្តកំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពុងចាមបានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ចាមក្រោមការដឹកនាំដោយលោក គួច ចំរើន ជាអភិបាលខេត្តនៅតែព្យាយាម និងពង្រាយកម្លាំងរួមមានស្នងការនគរបាល បញ្ជារការរាជអាវុធហត្ថ អាជ្ញាធរគ្រប់ឃុំ ស្រុក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគ្រប់គោលដៅទូទាំងខេត្តដដែល ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា លទ្ឋផលប្រតិបត្តិការជារួមបានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ១២០៨៥គ្រឿង រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន១៣៦គ្រឿង កាត់ទ្រុងចំនួន៧៣គ្រឿង ។ មន្ត្រីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស និងលើសទំងន់ក្នុងខេត្តបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តបានចំនួន៦២គ្រឿង បូកយោង១២០៨៥គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន១គ្រឿង បូកយោង១៣៦គ្រឿង និងកាត់ទ្រុងបាន១គ្រឿង បូកយោង៧៣គ្រឿងផងដែរ ។
គួររំលឹកថា ក្នុងឆ្នាំ២០១៧កន្លងមកនេះរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន៩២៣៦៥៧គ្រឿង ក្នុងនោះមានរថយន្ត២៩៥៣គ្រឿងដឹកលើសចាប់ពី៤តោនរហូតដល់៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន៥.៧៧៨.៨២០.០០០រៀលផងដែរ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទចាប់ពីម៉ោង០០យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅគ្មានវត្តមានឡានតទ្រុងលើដងផ្លូវទៀតឡើយ ។ បើមាននៅតំបន់ណាភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ ។ បើនរណាមកតវ៉ាឬអ្នកកាងទោះជាឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង ៕
ចែករំលែកព័តមាននេះ