ខេត្តកំពត ៖ ជនសង្ស័យជាកូនអកតញ្ញូសុំលុយម្តាយមិនបាន ស្រាប់តែសម្លាប់ម្តាយបង្កើតរបស់ខ្លួន រួចរត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ មេសា នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ក្រោយមកត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងស្នងការខេត្តពោធិ៍សាត់ក្របួចបាននៅថ្ងៃទី២៨ ខែមេសានេះ ។
តាមសេចក្តីរាយការណ៍ពីការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ជនល្មើសឈ្មោះ ណុំ សុខរឿន ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពចាក់កាប់សម្លាប់ម្តាយបង្កើតឈ្មោះ រៀម ហែ អាយុ៥០ឆ្នាំ ដោយសារតែសុំលុយ ហើយម្តាយគ្មានលុយឲ្យ ក្រោយពីសម្លាប់រួចរត់គេចខ្លួនបាត់ រហូតនៅរសៀលថ្ងៃទី២៨ មេសា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋានខេត្តពោធិ៍សាត់ ចុះឃាត់ខ្លួនជនសង្ស័យសម្ងំលាក់ខ្លួននៅភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ហើយនាំខ្លួនមកកាន់ស្នងការដ្ឋានខេត្តកំពត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
គួររំលឹកថា ករណីឃាតកម្មខាងលើនេះកើតឡើងកាលពីចន្លោះម៉ោង៧ទៅម៉ោង១១យប់ថ្ងៃទី២២ មេសា ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដែលបង្កឡើងដោយជនល្មើសជាកូនប្រុសបង្កើត (ជាមនុស្សបែកថ្នាំញៀន) បានសម្លាប់ម្តាយស្លាប់នៅលើផ្ទះក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចកូនប្រុសអកត្តញ្ញូរូបនេះរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ