ខេត្តព្រៃវែង ៖ បុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនាំគ្នាប្រារព្ធធ្វើពិធីបុណ្យនេះជារៀងរាល់ឆ្នាំនៅគ្រប់ទីវត្តអារាម ។
ដោយឡែកនៅឯស្រុកពាមរក៌ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែមេសានេះ ព្រះសង្ឃចំនួន៣២វត្ត ស្មើនិង១១០អង្គ ព្រមទាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋពុទ្ធបរិស័ទសរុបជាង៥០០អង្គនាក់បានរួមគ្នាដង្ហែជាក្បួនដ៏ធំមួយ ដោយហែរចេញពីមុខវត្តព្រៃកណ្តៀង តាមបណ្តោយផ្លូវជាតិលេខ១១ ឆ្ពោះមកកាន់ទីប្រជុំជនអ្នកលឿង ហើយចាក់ឡើងតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅជួបជុំគ្នានៅវត្តស្ទឹងស្លូត ទើបធ្វើពិធីនមស្ការសមាទានសីលបញ្ចប់ពិធី ។
ព្រះតេជគុណ សាន រស់ ព្រះគ្រូចៅអធិការវត្តស្ទឹងស្លូត និងជាព្រះអនុគុណស្រុកពាមរក៌បានមានសង្ឃដីកាថា ព្រះសង្ឃគ្រប់វត្តទាំងអស់ក្នុងស្រុកពាមរក៌រួមទាំងអាជ្ញាធរ និងពុទ្ធបរិស័ទទាំងអស់បានឯកភាពគ្នាជ្រើសយកពេលវេលាមុនថ្ងៃបុណ្យពិសាខបូជាមួយថ្ងៃ ដើម្បីរួមគ្នាធ្វើពិធីដង្ហែក្បួន លុះស្អែកឡើងថ្ងៃបុណ្យពិសាខបូជា ពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ត្រូវប្រារព្ធធ្វើពិធីបុណ្យនេះ នៅតាមវត្តរៀងៗខ្លួនគ្រប់វត្តទាំងអស់ទូទាំងស្រុក និងធ្វើជារៀងរាល់ឆ្នាំតែម្តង ។
ព្រះតេជគុណ សាន រស់ បានបញ្ជាក់ផងដែរថា ការធ្វើពិធីបុណ្យពិសាខបូជានេះ គឺមានគោលបំណងធំៗចំនួន៣ ទី១ – គឺរំលឹកដល់ពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ ទី២ – រំលឹកដល់ពេលដែលទ្រង់ត្រាស់ដឹង និងទី៣ – រំលឹកដល់ពេលដែលទ្រង់យាងចូលបរិនិព្វាន ហើយពិធីបុណ្យនេះត្រូវបានប្រជាពុទ្ធបរិស័ទ ដែលជាពុទ្ធសាសនិកប្រារព្ធធ្វើដូចៗគ្នា នៅទូទាំងពិភពលោក ៕
ចែករំលែកព័តមាននេះ