ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមេឃុំ​​​ចាប់រទេះ​សេះ​ដឹក​អុស​ទារ​ប្រាក់40ម៉ឺនរៀល

13 ឆ្នាំ មុន

ខេត្តកំពត ៖ រទេះ​សេះ​ដឹកអុស​ចំនួន​២​​​​គ្រឿងដែលបរចេញ​ពី​តំបន់​ភ្នំ​វល្លិត្រូវបាន​​ លោក​ចាន់​ សម្បត្តិ ​មេឃុំ​​​ស្រែ​ជា​ខាង​​ត្បូង​ ស្រុក​ដង​ទង់​​ចាប់​ទុក​កាលពីរសៀល​ថ្ងៃទី៧ តុលា ។ ​​បុរស​​​ម្ចាស់រទេះ​​សេះ​ឈ្មោះហ៊ួន ​ស្រី​អាយុ​៤៧ឆ្នាំ ​នៅភូមិឈ្លីតក្រោម ​ឃុំ​ខ្ជាយខាងត្បូង ស្រុក​ដងទង់​បាន​និយាយ​​ថា គាត់មិនបាន​កា.ប់​អុស​នៅក្នុងសហគមន៍​​ព្រៃឈើ​របស់​ឃុំ​ស្រែ​ជា​ ទេ គឺ​កា.ប់នៅក្នុងដីចម្ការ​គេមួយ​​នៅ​ខាង​ជើង​

ខេត្តកំពត ៖ រទេះ​សេះ​ដឹកអុស​ចំនួន​២​​​​គ្រឿងដែលបរចេញ​ពី​តំបន់​ភ្នំ​វល្លិត្រូវបាន​​លោក​ចាន់​ សម្បត្តិ ​មេឃុំ​​​ស្រែ​ជា​ខាង​​ត្បូង​ ស្រុក​ដង​ទង់​​ចាប់​ទុក​កាលពីរសៀល​ថ្ងៃទី៧ តុលា ។ ​​បុរស​​​ម្ចាស់រទេះ​​សេះ​ឈ្មោះហ៊ួន ​ស្រី​អាយុ​៤៧ឆ្នាំ ​នៅភូមិឈ្លីតក្រោម ​ឃុំ​ខ្ជាយខាងត្បូង ស្រុក​ដងទង់​បាន​និយាយ​​ថា គាត់មិនបាន​កាប់​អុស​នៅក្នុងសហគមន៍​​ព្រៃឈើ​របស់​ឃុំ​ស្រែ​ជា​ ទេ  គឺ​កាប់នៅក្នុងដីចម្ការ​គេមួយ​​នៅ​ខាង​ជើង​
ភ្នំ​វល្លិ ។  ​​ពេលពួកគាត់​​​ទាំង​២នាក់​បរ​រទេះ​សេះ​ឆ្លងកាត់​​​​ភូមិ​សាស្ត្រ​ឃុំ​​ស្រែ​ជា​ ស្រាប់​តែ​​​លោកមេឃុំ​​ឃាត់​​​ ហើយ​ចោទ​ប្រកាន់​​​ថា លួច​​កាប់អុស​​ក្នុងព្រៃ​របស់សហគមន៍​​​ ។ លោកមេឃុំ​​​ចាន់​ សម្បត្តិ ​​បានទារប្រាក់​ចំនួន៤០​ម៉ឺន​រៀល ប៉ុន្តែ​​ពួកគាត់​​​ទាំង​២នាក់​ គ្មានលុយ​​ឱ្យ​ទេ ព្រោះ​​រក​លុយ​ទិញ​អង្ករ​ដាំបាយ​ឱ្យកូនៗ​​ស្ទើរ​តែមិន​បាន​ផង ។​​ ចំពោះ​អុសមួយរទេះ​សេះ​លក់​បាន​តែ​​​១​ម៉ឺន​ ទៅ២ម៉ឺន​រៀលប៉ុណ្ណោះ តែលោក មេឃុំ​​​​ទារ​មួយរទេះ​២០ម៉ឺនរៀល​ តើ​​ទៅរក​ល​ុយ​ឯណោះ​មកបង់ឱ្យ? ដោយគ្មានប្រាក់បង់ ​​លោក​មេឃុំ​​​​ឱ្យ​ដឹក​សេះ​យកទៅផ្ទះ ​តែទុក​​រទេះ​នៅប៉ុសិ៍្ត​នគរ​បាល​​ឃុំ​ស្រែជា ។

ចំណែក​ឯម្ចាស់​រទេះ​សេះ​ម្នាក់​ទៀត​ឈ្មោះ​ទេព ធូ អាយុ​៣៨ឆ្នាំ​​នៅ​ភូមិ​ឈ្លីតក្រោមនិយាយ​ថា ពួកគាត់កាប់អុស​​​ជា​ប្រចាំថ្ងៃ ប៉ុន្តែ​​​មិនមែន​​ចូល​កាប់នៅ​ក្នុង​ព្រៃ​សហគមន៍​ទេ ព្រោះ​មាន​អ្នក​ការពារ​នៅទីនោះ​ ។  ពេល​ពួកគាត់​​​​ដឹកអុស​​ឆ្លង​កាត់ភូមិ​សាស្ត្រ​ឃុំ​ស្រែជា ស្រាប់​តែមេឃុំបញ្ជា​ឱ្យ​ចាប់​ ហើយ​ទារ​លុយ​​​មួយរទេះ​​២០ម៉ឺ​នរៀល ។ ​គាត់​​អង្វរ​ និងបង្ហាញ​ហេតុផល​ផ្សេងៗ​​ប្រាប់​លោកមេឃុំ​​ តែគ្មាន​ក្តីករុណា​ទេ ។

បុរស​រូប​​នោះ​ប្រាប់អ្នកយកព័ត៌មាន​ថា គាត់​ជា​​បុរសពោះ​ម៉ាយ ព្រោះប្រពន្ធ​ឈ្មោះ​សូរ ហឿន ​​បានស្លាប់ចោលរយៈពេល​១០ខែមក​ហើយ​​បន្សល់​ទុក​កូនប្រុសស្រី​៦នាក់​ ​ក្នុង​នោះ​កូនច្បង​ស្រី​អាយុ១៤​ឆ្នាំ និងកូនពៅ​ប្រុស​អាយុ​​​​ទើបតែ​១ឆ្នាំ​ប៉ុណ្ណោះ  ។ ការ​ចាប់​​ឃុំ​ទុករទេះ​សេះ​គាត់នៅប៉ុស្តិ៍​នគរបាល​​ធ្វើ​ឱ្យគ្រួសារ​​គាត់​ដាច់​បាយ​មិន​ខាន ។ កូនៗរបស់គាត់​​ហូប​បបរ​មួយ​អាទិត្យទៅ​ហើយ​​ដោយសារតែ​គ្មាន​ប្រាក់​ទិញ​អង្ករ​​​ ។ ​ដោយ​​ពិបាកពេកគាត់សម្រេច​ចិត្ត​ឱ្យ​កូនស្រី​អាយុ​១៤​ឆ្នាំ​ទៅរកការងារ​នៅភ្នំពេញ​ទុក​ប្អូនៗ​ឱ្យ​នៅ​ផ្ទះ​ ។

អ្នកភូមិជាច្រើននាក់បង្ហាញ​ការ​អា​ណិត​អាសូរ​​បុរស​ពោះ​ម៉ាយនេះ ​។ ​ដោយ​ក្តី​អាណិត​ប៉ូលិសឃុំ​​ខ្ជាយ​ខាងត្បូង​បាន​​​​រំលែក​​អង្ករ​​របស់​អង្គ​ភាព​១០កំប៉ុង​ឱ្យបុរស​ពោះ​ម៉ាយ​​នេះដាំ​បាយ​​ឱ្យកូនហូប ។
លោកចាន់ សម្បត្តិ ​​មេឃុំ​​ស្រែ​ជា​​ប្រាប់​​អ្នក​យកព័ត៌មានថា ពួកគេ​​ទាំង​២នាក់​​លួច​​កាប់​ឈើ​ក្នុងសហគមន៍​​ទើបលោកចាប់​រទេះ​ទុក ។ ទាក់ ទិន​ការ​ចោទថា ​លោកទារឱ្យ​ម្ចាស់​រទេះ​​​​បង់​ប្រាក់​ក្នុងមួយរទេះ​២០ម៉ឺន​រៀល ​ លោក​បញ្ជាក់​ថា ​ដើម្បី​ព្រមាន​ដល់អ្នកលួច​​កាប់​ឈើ ។

លោកវង្ស ​សុផល មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ប្រចាំ​ខេត្តកំពត និង​ខេត្ត​កែប ប្រាប់ឱ្យ​ដឹង​ថា ការ​ចាប់រទេះ​សេះ​ដឹកអុស​នេះពាក់ព័ន្ធ​​​នឹង​ការ​កាប់អុស​ក្នុងព្រៃ​សហគមន៍​​ ដូច្នេះ​ត្រូវ​ត​ពិន័យជា​ប្រាក់​ ​បើមិន​ធ្វើអ៊ីចឹង​​ទេ​ ព្រៃ​​ឈើ​ក្នុង​សហ​គមន៍​​ពិតជា​រលាយអស់មិន​ខាន ។

ប្រជា​ពលរដ្ឋ​​នៅភូមិ​ឈ្លីតក្រោមនិយាយថា ​​«ខ្លាស៊ី​​គោ​​​គ្មាន​អ្នកណា​ហ៊ានសម្លាប់ទេ តែបើឆ្មា​ស៊ី​ត្រី​អាំង​​ក្រុម​មន្ត្រីជើង​១០​នាំគ្នាដេញចាប់​​ផ្អើល​អស់​អ្នក​ស្រុក»​ ដូច្នេះ​​ហើយ​វាមិនខុសពី​អ្នកដឹក​ឈើ​តាម​រថ​យន្ត​ធំៗគ្មាន​​អ្នកចាប់​ តែ​អ្នក​ដឹក​តាមរទេះ​សេះ​នាំគ្នាចាប់យកទៅដាក់ប៉ុស្តិ៍​ ។

បុរស​ម្ចាស់​រទេះនិយាយថា ទាំង​លោក​មេ​ឃុំ ​ទាំងមន្ត្រីរដ្ឋបាល​​​​ព្រៃ​ឈើមិនបានទៅពិនិត្យ ​កន្លែង​កាប់អុស​ទេ ពួកគេ​​​បានត្រឹមតែ​​បញ្ជា​​ខាងក្រៅ​​ឱ្យ​ឃាត់ទុក​រទេះសេះ​ តើ​ធ្វើ​បែបនេះ​​មានប្រយោជន៍​អ្វីដល់​សង្គម​​ បានត្រឹមតែ​​ពលរដ្ឋ​រិះគន់​ប៉ុណ្ណោះ ៕