ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នាក្នុងនោះមាននៅស្រុកកំពង់សៀមនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ និងស្រុកព្រៃឈរព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ ។
ចំពោះករណីទី១កើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លើកំណាតផ្លូវជាតិលេខ៧ ក្នុងភូមិត្រពាងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម មានករណីគ្រោះថ្នាក់ចរាចរណ៏បានកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។
ប្រភពបន្តថា រថយន្តមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A-៥២៤២ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីកើតទៅលិច ស្របពេលដែលមកដល់ត្រង់ឃុំក្រឡាក៏ស្រាប់តែប៉ះជាមួយនឹងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១J-១៩២៣ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបើកបរដោយឈ្មោះ ជា ដាវុធ ភេទប្រុស អាយុ២១ឆ្នាំ ឌុបឈ្មោះ វ៉េង ដាវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នកនៅពីក្រោយរបួសធ្ងន់បន្ទាប់មកក៏បានស្លាប់តាមក្រោយ ហើយអ្នកបើកបររថយន្តវិញបានរត់គេចខ្លួនបាត់ ។
ដោយឡែកករណីទី២វិញកើតឡើងនៅវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ហ៊ាង ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ មានបុរសម្នាក់ឈ្មោះ ចាន់ ម៉ុន អាយុ៦០ឆ្នាំ រស់នៅភូមិតាមមាស ឃុំគរ ស្រុកព្រៃឈរ បានជិះម៉ូតូម៉ាក C 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១R-៦៦៥៧ ស៊េរីឆ្នាំ២០១៨ ក្នុងទិសដៅពីជើងទៅត្បូងហើយក៏ដួលខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗដោយសារតែវិលមុខណាមួយបុរសនេះកើតជំងឺលើសឈាមផងដែរ ។ សពត្រូវបានគរបាលចរាចរណ៏ប្រគល់ឲ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ