ខេត្តកោះកុង ៖ ឡានយីឌុបមួយគ្រឿងដឹកឈើប្រណីតយ៉ាងពេញប្រៀបដោយមានគ្របក្រណាត់តង់ជិតកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញមកកាន់ខេត្តកោះកុង ប៉ុន្តែនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល រថយន្តដឹកឈើខាងលើត្រូវបានសមត្ថកិច្ចអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេដ)ឃាត់សួររកច្បាប់ដឹកជញ្ជូន នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
សមត្ថកិច្ចអង្គការឆែកឃើញឈើប្រណីតយ៉ាងច្រើននៅក្នុងរថយន្ត ហើយក៏បានទូរស័ព្ទហៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តចុះមកត្រួតពិនិត្យ តាមលក្ខណៈច្បាប់ ប៉ុន្តែទោះជាយ៉ាងណាការចុះត្រួតពិនិត្យរបស់មេព្រៃគ្មានប្រសិទ្ធភាព ពីព្រោះលោកប្រធានមន្ទីរកសិកម្មខេត្ត បញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងរថយន្តខាងលើ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ទោះបីសមត្ថកិច្ចអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីរដ្ឋបាលព្រៃឈើបានរកឃើញភាពមិនប្រក្រតីមួយចំនួនធំហើយក៏ដោយ តែត្រូវបានមេរបស់ខ្លួនបញ្ជាឲ្យដោះលែងរថយន្តដឹកឈើល្មើសយ៉ាងអាម៉ាសទៀតផង ។
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់អះអាងថា ឈើល្មើសខាងលើនេះជាប្រភេទឈើគគីរ ។ នៅក្នុងឯកសារផ្លូវច្បាប់ឈើគគីរនេះ ត្រូវបានអនុញ្ញាតិឲ្យធ្វើចរាចរណ៍ពីខេត្តស្ទឹងត្រែងមកកាន់ដេប៉ូអាជីវកម្មលក់ឈើមួយ ស្ថិតក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុង ប៉ន្តែរថយន្តដឹកឈើខាងលើបានដឹកឈើចូលទៅក្នុងកោះមួយ ដែលជាបន្ទាយទាហានជើងទឹក ស្ថិតនៅជាប់ព្រំប្រទល់សមុទ្រ ជាមួយប្រទេសថៃឈ្មោះថាកោះ ” យ៉ ” ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រួចទម្លាក់ចុះទូកយន្តចេញទៅលក់នៅប្រទេសថៃតែម្តង ។ ប្រភពដដែលបន្តថា នេះមិនមែនជាលើកទី១ទេ ព័ត៌មានលំអិតនឹងផ្សាយជូននៅសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ