រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានទទួលជោគជ័យនៅក្នុងព្រឹត្តិការណ៍អន្តរជាតិប៉ុន្មានរដូវ
កាលកន្លងមក កីឡាករកម្ពុជា ថៃ ឡាវ ៨រូប ដែលត្រូវគេស្គាល់ថាជាជើងខ្លាំងនៅក្នុង
សង្វៀនប្រដាល់ ត្រូវបានប្រកាសថាគឺជាសមាសភាពនៅក្នុងព្រឹត្តិការណ៍«ជើងឯកប្រដាល់លេខ១គូបូតា»សម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាមទៀតហើយ ។ ការប្រកាសនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨នៅសង្វៀនទូរទស្សន៍បាយ័ន ដោយមានការបង្ហាញខ្លួនរបស់កីឡាករទាំង៨រូប និងមានអ្នកគាំទ្រយ៉ាងកុះករចូលរួម ។
ព្រឹត្តិការណ៍នេះបានប្រកាសចំណាយប្រាក់រហូតដល់១ម៉ឺនដុល្លារសម្រាប់សមាសភាពអ្នកឈានដល់វគ្គ៤នាក់ ខណៈដែលជើងឯកលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់៦ពាន់ដុល្លារ ដែលជាទឹកប្រាក់ច្រើនមិនធម្មតាក្នុងការប្រកួតដណ្ដើមជើងឯក ។
ការប្រកួតនេះត្រូវបានប្រកាសថានឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់នៅសង្វៀនបាយ័នស្ទឹងមានជ័យ ដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរ ។ កីឡាករកម្ពុជា-ថៃ-ឡាវក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមទាំង
៨រូបសម្រាប់កីឡាករកម្ពុជារួមមានកីឡាករ ពេជ្រ ម្ទេសខ្មាំង ជើងខ្លាំងមកពីក្លិបអារុណរះកីឡា, កីឡាករ សុខ ធី មកពីក្លិបសៃយ៉ាន់នាគា, កីឡាករ ឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធិ និងកីឡាករ ចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ ។ កីឡាករថៃមាន កីឡាករ រឿនថៃ ដាបផុង, កីឡាករ ប៊កបាន លុកមឿងពិច និងកីឡាករ ក្រូពិចស៊ិត ចាឆាត ។ រីឯ
កីឡាករឡាវឈ្មោះ ថាណាប់ពិច យាម៉ាមួយថៃ ។
កីឡាករម្នាក់ៗសុទ្ធតែបានប្រកាសថានឹងយកឱ្យបានទឹកប្រាក់៦ពាន់ដុល្លារដែលបានប្រកាសឡើង ដោយបានទាំងត្រៀមខ្លួនហ្វឹកហាត់ដោយហ្មត់ចត់ទៀតផង ។ កីឡាករកម្ពុជាទាំង៤រូបសុទ្ធតែបង្ហាញជំនឿចិត្តថា ខ្លួននឹងក្លាយជាម្ចាស់ទឹកប្រាក់៦ពាន់ដុល្លារ និងខ្សែក្រវាត់ជើងឯក ក្នុងពេលកីឡាករថៃ និងកីឡាករឡាវ ដែលមានឈ្មោះឡើងប្រកួត ក៏ប្រកាសដូចគ្នាថា ខ្លួនបានដាក់ឈ្មោះមកប្រកួតនៅទូរទស្សន៍បាយ័នក្នុងព្រឹត្តិការណ៍ជើងឯកជំនាន់ទី៨របស់គូប៊ូតានេះ ក៏មកក្នុងភាពជឿជាក់ខ្ពស់ដោយមិនមែនគ្រាន់តែមកដើម្បីសាកល្បងនៅលើសង្វៀនកម្ពុជានោះទេ ។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា រវាងកីឡាករកម្ពុជា ថៃ និងឡាវ នឹងមានអ្នកណាបានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិតម្លៃ៦ពាន់ដុល្លារដែលទើបប្រកាសឡើងសម្រាប់ដើមឆ្នាំ២០១៨នេះទេ ក្នុងពេលដែលអ្នករៀបចំកម្មវិធីបានត្រឹមតែអះអាងថា កីឡាករទាំង៨ មុនឈានដល់ការជ្រើសរើស ក៏បានហ្វឹកហាត់ច្បាស់លាស់ និងមានការកំហិតដោយបែបបទសម្រាប់ការប្រកួតត្រឹមត្រូវមុននឹងដាក់ឈ្មោះឱ្យប្រកួត ។
ព្រឹត្តិការណ៍មួយនេះ គេឃើញមានវត្តមានកីឡាករក្មេងៗជំនួសឱ្យអ្នកល្បីចាស់ៗ ប៉ុន្តែក្មេងដែលបានកំណត់ឈ្មោះឱ្យឡើងប្រកួតនោះ ក៏មិនមែនជាកីឡាករថ្មោងថ្មីនោះដែរ គឺសុទ្ធតែល្បីនៅក្នុងពិភពប្រដាល់តែម្ដង ទើបអ្នកណាៗក៏ចាប់អារម្មណ៍សម្រាប់ការប្រកួត ជាពិសេសគឺវត្តមានកីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលជាសមាសភាពជម្រើសជាតិរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមកនៅក្រៅប្រទេសតែម្ដង ។
លោក ឆាលឺមឆៃ គីទីប៊ុនតន អ្នកគ្រប់គ្រងក្រុមហ៊ុនគូប៊ូតាបានមានប្រសាសន៍ថា គោល
បំណងដែលលោកសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះជាថ្មី គឺដោយសារតែចង់រួមចំណែកលើកស្ទួយវិស័យប្រដាល់នៅកម្ពុជា និងចង់ឱ្យកីឡាករកម្ពុជាកាន់តែមានឱកាសរកចំណូល និងមានឱកាសពង្រីកប្រជាប្រិយភាព ។ លោករំពឹងយ៉ាងខ្លាំងថា កីឡាករដែលបានជ្រើសរើសនៅក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមទាំង៨រូបនឹងបើកប្រកួតសន្សំពិន្ទុយ៉ាងស្វិតស្វាញ ក្តៅគគុក និងកាន់តែអស្ចារ្យលើសពីការប្រកួតមុនៗទៅទៀត ដើម្បីបំពេញនូវការទទូចចង់បានរបស់អ្នកគាំទ្រទាំងអស់ឱ្យកាន់តែមានការជក់ចិត្ត។
លោកថា ការរៀបចំព្រឹត្តិការណ៍មួយនេះ គឺមិនខុសពីរួមចំណែកថែរក្សាក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃ និងជ្រើសរើសអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីស្វែងរកអ្នកខ្លាំងសម្រាប់
អាជីពប្រដាល់ទេ ។ ម្យ៉ាងមកពីតាំងពីចូលទីផ្សារកម្ពុជា ផលិតផលគូប៊ូតារបស់លោក
ទទួលបានការគាំទ្រនៅកម្ពុជាផង ទើបលោកមានបំណងតបស្នងដល់ពលរដ្ឋកម្ពុជាវិញ
តាមរយៈការលើកស្ទួយវិស័យប្រដាល់ឱ្យមានភាពរឹងមាំ ។
លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្នុងចំណោមកីឡាករទាំង៨រូប ទាំងលោក និងអ្នករៀបចំកម្មវិធីនឹងធ្វើការឃ្លាំមើលការប្រកួតរបស់ពួកគេយ៉ាងហ្មត់ចត់បំផុត ដើម្បីប្រាកដថា កីឡាករទាំងអស់មិនជាប់ពាក់ព័ន្ធនឹងការលក់ដូរលទ្ធផលនៅពេលកីឡាករទាំងនោះប្រកួតចាញ់ ។
លោកថា កីឡាករទាំង៨រូប ទម្រាំក្លាយជាសមាសភាពចូលប្រកួតគឺបានឆ្លងកាត់ការប្រកួតជ្រើសរើសពីអ្នកជំនាញច្បាស់លាស់ ប៉ុន្តែបើមានកីឡាករណាម្នាក់ធ្វើរឿងមិនគួរកើតនៅក្នុងដំណាក់កាលណាមួយនោះ ការដាក់ទោសទណ្ឌ ឬដកសិទ្ធិមិនឱ្យប្រកួតបន្តគឺត្រូវតែធ្វើ ។ ទោះបីយ៉ាងណា លោកសង្ឃឹមថា កីឡាករទាំង៨រូបពិតជាស្រឡាញ់កិត្តិយស និងធ្វើឱ្យព្រឹត្តិការណ៍ប្រកួតជើងឯកលេខ១គូប៊ូតា ទទួលបានការគាំទ្រខ្ពស់មិនខាន ៕
ចែករំលែកព័តមាននេះ