ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធបាល់ទាត់វៀតណាម ផ្អាកសកម្ម​ភាពកីឡាករ៥នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន

2 ខែ មុន

ប្រទេសវៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដែលហៅកាត់ថា VFF បានផ្អាកសកម្មភាព

ប្រទេសវៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដែលហៅកាត់ថា VFF បានផ្អាកសកម្មភាពកីឡាករចំនួន ៥ នាក់ ដោយគ្មានរយៈពេលកំណត់ ខណៈពេលដែលពួកគេត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា កីឡាករដែលស្ថិតក្រោមការស៊ើបអង្កេតរួមមាន ខ្សែបម្រើ Dinh Thanh Trung អ្នកចាំទី Duong Quang Tuan ខ្សែបម្រើ Nguyen Trung Hoc និងខ្សែការពារ Nguyen Ngoc Thang និង Nguyen Van Truong។ ការផ្អាកសកម្មភាពបាល់ទាត់របស់ពួកគេ ត្រូវបានអនុវត្តចំពោះលីគបាល់ទាត់ជាតិទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ VFF ហើយមានប្រសិទ្ធភាពរហូតដល់ការសម្រេចចិត្តមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅពេលអនាគត។

កីឡាករ Dinh Thanh Trung

ក្លិប Hong Linh Ha Tinh នៃលីគកំពូលវៀតណាម V. League មិនបានធ្វើសេចក្ដីថ្លែងការណ៍ជាផ្លូវការណាមួយអំពីហេតុការណ៍នេះទេ។ ទោះយ៉ាងណា៏ដោយ ក្លិបគ្រាន់តែបានបញ្ជាក់អំពីការបញ្ចប់កិច្ចសន្យារបស់កីឡាកររបស់ខ្លួន ដែលស្ថិតក្រោមការស៊ើបអង្កេតនេះ មុនពេលការប្រកួតសប្តាហ៍ទី១៧ នៃក្របខ័ណ្ឌ V. League កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ប្រភពពី VnExpress បានបន្តទៀតថា កីឡាករទាំង៥នាក់ខាងលើ គឺជាផ្នែកនៃក្រុមមនុស្ស១០នាក់ ដែលត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុង ហាទិញ នៃខេត្ត ហាទិញ (Ha Tinh) កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ពោលគឺមួយថ្ងៃបន្ទាប់ពីការបរាជ័យរបស់ក្រុម Hong Linh Ha Tinh នៅក្នុងលទ្ធផល ១-២ ក្រោមថ្វីជើងក្រុម Quang Nam FC ដែលជាការប្រកួតសប្តាហ៍ទី១៦ ។

កីឡាករដ៏ល្បី និងមានប្រជាប្រិយខ្លាំងក្នុងចំណោមពួកគេគឺ ខ្សែបម្រើ Dinh Thanh Trung អាយុ​៣៦ឆ្នាំ ដែលបានឈ្នះជើងឯក V. League ជាមួយក្លិប Quang Nam FC មុនផ្លាស់មកចូលរួមជាមួយក្លិប Hong Linh Ha Tinh និងបាល់មាសវៀតណាមនៅក្នុងឆ្នាំ ២០១៧ ហើយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបង្ហាញខ្លួនជាទៀងទាត់ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៨ ដោយបង្ហាញខ្លួនបាន ២៨ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់។ Trung ត្រូវបានផ្តល់អាហារូបករណ៍ដោយក្លិប Hong Linh Ha Tinh ដើម្បីសិក្សាទទួលបានអាជ្ញាបណ្ណគ្រូបង្វឹក ហើយត្រូវបានធានាកន្លែងមួយនៅក្នុងក្រុមបង្វឹករបស់ក្រុម ក្រោយពេលចូលនិវត្តន៍។

ខ្សែការពារ Nguyen Ngoc Thang កើតនៅឆ្នាំ២០០២ ហើយត្រូវបានចាត់ទុកថាជាកីឡាករមានទេពកោសល្យថ្មីម្នាក់នៅក្លិប Hong Linh Ha Tinh ដោយឈ្នះជើងឯក U21 ថ្នាក់ជាតិឆ្នាំ ២០២១ និង U23 AFF Cup ឆ្នាំ ២០២២ និង ២០២៣ ហើយត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះក្រុមវៀតណាមសម្រាប់ស៊ីហ្គេមលើកទី៣២ និង U23 Asian Cup ឆ្នាំ ២០២៤ ផងដែរ។

ខ្សែបម្រើ Nguyen Trung Hoc វ័យ២៦ឆ្នាំ គឺជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម Hong Linh Ha Tinh ហើយជារឿយៗ បានពាក់ខ្សែប្រធានក្រុមនៅរដូវកាលនេះ។ អ្នកចាំទី Duong Quang Tuan ធ្លាប់ជាកីឡាករសំខាន់សម្រាប់ក្រុម Hong Linh Ha Tinh មុនពេលបាត់បង់តំណែង១១នាក់នៅរដូវកាលនេះ។ ខ្សែការពារ Nguyen Van Truong អាយុ២១ឆ្នាំ គឺជាសមាជិកក្រុមយុវជរបស់ក្លិប Hong Linh Ha Tinh។

គួរបញ្ជាក់ថា បច្ចុប្បន្ន Hong Linh Ha Tinh កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ក្នុងលីគ បន្ទាប់ពីឆ្លងកាត់ការប្រកួត១៧សប្តាហ៍កន្លងមក ឈ្នះ៥ ស្មើ៥ និងចាញ់៧ មាន២០ពិន្ទុ ខណៈដែលក្រុម Thep Xanh Nam Dinh កំពុងកាន់កាប់កំពូលតារាងដោយមាន៣៨ពិន្ទុ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ