ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចំនួន២ ស្នើ​សុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រដាល់គុនខ្មែរ ក្រោយម្ចាស់ផ្ទះ​វៀត​ណាម​​ទទួលជោគជ័យយ៉ាងត្រចះត្រចង់​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ី​លើក​ទី​១ ​នៅ​ប្រទេស​វៀតណាម​ ឆ្នាំ​២០២៦​ ពេល​នេះ​ធ្វើ​ឱ្យ​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត​ដណ្ដើម​គ្នា​សុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ជា​បន្តបន្ទាប់​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ខូ​វ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​និង​ជា​អគ្គលេខាធិការ​គុន​ខ្មែរ​អន្តរជាតិ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​បញ្ចប់​ការ​ប្រកួត​គុន​ខ្មែរ​ជើងឯក​អាស៊ី​លើក​ទី​១​ នៅ​ប្រទេស​ទេស​វៀតណាម​រួច​មក​នោះ ​ពេល​នេះ មាន​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​។

តាម​ការ​បញ្ជាក់​របស់​លោក​បានឱ្យ​ដឹង​ថា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ស្នើសុំ​​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើងឯក​អាស៊ី​លើក​ទី​២​ នៅ​ក្នុង​ឆ្នាំ​២០២៧​ ។​ ខណៈ​ប្រទេស​ម៉ា​ឡេ​ស៊ី​ឯណោះ​វិញ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​គុន​ខ្មែរ​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​១​ឆ្នាំ​២០២៧​ផង​ដែរ​។​

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ខូ​វ ឆាយ​ ប្រធាន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក៏​បាន​ប្រកាស​រួច​ហើយ​ថា​កម្ពុជា​ក៏​នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​គុន​ខ្មែរ​ពិភពលោក​លើក​ទី​៧​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​ ។ ​ខណៈ​ប្រទេស​វៀតណាម​ដែល​ទើបតែ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើងឯក​គុន​ខ្មែរ​អាស៊ី​លើក​ទី​១​នោះ គេ​មាន​បំណង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើងឯក​គុន​ខ្មែរ​ពិភពលោក​លើក​ទី​៨​ ឆ្នាំ​២០២៧ ព្រោះ​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​វៀតណាម​បាន​ដាក់​ពាក្យ​រួចរាល់​អស់ហើយ​។

លោក​ខូ​វ ឆាយ ​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​នាម​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ខ្ញុំ​បាន​សូម​អញ្ជើញ​យ៉ាង​កក់ក្ដៅ​ដល់​សហព័ន្ធ​គុន​ខ្មែរ​ជាតិ​ទាំងអស់​ទាំង​ប្រតិភូ​ដឹកនាំ​កីឡាករ កីឡាការិនី គ្រូបង្វឹក​និង​មន្ត្រី​បច្ចេកទេស​មក​​ពី​ជុំវិញ​ពិភពលោក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​ដ៏​សំខាន់​នេះ​នៅ​រាជធានី​ភ្នំពេញ​ ។​ ដូច្នេះ​កម្ពុជា​បាន​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មហា​គ្រួសារ​គុន​ខ្មែរ​អន្តរជាតិ​ប្រកបដោយ​មិត្តភាព ប​ដិ​ស​ណ្ឋារ​កិច្ច និង​សាមគ្គីភាព​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ខូ​វ ឆាយ ​បាន​កោត​សរសើរ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ផ្ដួចផ្ដើម​គំនិត​ដាក់​សំណើសុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​១ ឆ្នាំ​២០២៧​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ដាក់​សំណើសុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើងឯក​គុន​ខ្មែរ​អាស៊ី​លើក​ទី​២ ​ឆ្នាំ​២០២៧​។

​លោក​ខួ​វ ឆាយ​ បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ជុំវិញ​សំណើ​ទាំងលើ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ជា​ការ​ប្ដេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជា​សមាជិក ជា​ពិសេស​ការ​រីក​ចម្រើន​យ៉ាង​ឆាបរហ័ស​របស់កីឡាប្រដាល់​​គុន​ខ្មែរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទ្វីបអាស៊ី​និង​សហគមន៍​អន្តរជាតិ​ ។ ​ដូច្នេះ​កា​រ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​គុន​ខ្មែរ​ជើងឯក​អាស៊ី​លើក​ទី​១​ មិនមែន​ទី​បញ្ចប់​នៃ​ដំណើរ​របស់​យើង​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចាប់ផ្ដើម​ទំព័​រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​កាន់តែ​ធំធេង​និង​មាន​មហិច្ឆតា​ខ្ពស់​សម្រាប់​កីឡាប្រដាល់​គុន​ខ្មែរ​ ៕