ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​VLADIMIR PALANCICA​ សន្យា​ស្វែង​រក​​ការ​ឧបត្ថម្ភ​​ពី​ខាងក្រៅ ​ជួយ​ដល់​កីឡា​ប្រដាល់សកល​ឱ្យ​កាន់តែ​រីក​ចម្រើន

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ លោក​ VLADIMIR PALANCICA​ ដែល​ទើបតែ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៦ បាន​សន្យា​នឹង​ជួយ​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ ដើម្បី​ពង្រឹងសមត្ថភាព​កីឡា​ប្រដាល់សកល​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​។

លោក​ប៊ុ​យ សុ​ភ័​ណ្ឌ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​ ដោយ​ទទួល​បា​ន​​កិច្ចសហការពី​សប្បុរសជន ដែល​ជា​ដៃគូ​ឯកជន​គឺ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ។ ​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​មានឱកាស​រៀបចំ​ការ​ប្រកួត​ប្រដាល់សកល​អាជីព​រយៈពេល​មួយ​ឆ្នាំ​ពេញ ធ្វើ​ឱ្យ​សមត្ថភាព​កីឡាករ កីឡាការិនី​ប្រដាល់​សកល​ជម្រើសជាតិ​កាន់​ទទួល​បាន​នូវ​សមត្ថភាព​បច្ចេកទេស​ល្អ​ប្រសើរ​ជាង​មុន​មួ​យក​ម្រឹត​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ​ សហព័ន្ធ​ក៏​មាន​ទិស​ដៅ​អភិវឌ្ឍ​កីឡាករ កីឡាការិនី​ប្រដាល់សកល​អាជីព​កម្ពុជា ឆ្ពោះទៅ​កម្រិត​អាជីព​អន្តរជាតិ​នា​ថ្ងៃ​អនាគត ​។ ​បន្ថែម​ពីលើ​នេះ​ទៀត​ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ស្រប​ទៅ​តាម​បទបញ្ជា​បច្ចេកទេស​អន្តរជាតិ រហូត​បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រកួត​នេះ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន ​BOXREC​ ដែល​ជា​ស្ថាប័ន​កត់ត្រា និង​ចាត់​ថ្នាក់​កីឡាករ​ប្រដាល់​អាជីព​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​។

លោក​ប៊ុ​យ សុ​ភ័​ណ្ឌ​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ការ​តែងតាំង​លោក​ Vladimir Palancica​ ជា​អនុប្រធាន​សហព័ន្ធ​ប្រដាល់សកល​កម្ពុ​ជា​នា​ពេល​នេះ​បាន​រួមចំណែក​អភិវឌ្ឍ​កីឡា​ប្រដាល់សកល​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ទៅ​មុខ​។​ទ​ន្ទឺ​ម​ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​សូម​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រុមហ៊ុន​សប្បុរសជន​នានា និង​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់​សូម​ចូលរួម​គាំទ្រ​ដល់​កីឡា​ប្រដាល់សកល​កម្ពុជា​ដើម្បី​អាច​សម្រេច​បាន​ចក្ខុវិស័យ​ក្នុង​ការ​នាំ​យក​កីឡា​ប្រដាល់សកល​កម្ពុជា​ត្រឡ​ប់​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដូច​ក្នុង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​ឆ្នាំ​១៩៦៤​ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក​។

គួរ​ម្លឹ​កថា​ ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​២០​ នៅ​ប្រទេស​ជប៉ុន ​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ខែកញ្ញា​ ឆ្នាំ​២០២៦​នេះ​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ចំនួន​២​រូប​ឱ្យទៅ​ចូលរួម​ប្រកួត​គឺ​កីឡាករ​ Nasredinov Anvar​ ប្រភេទ​ទម្ងន់​៨០​គីឡូក្រាម​ និង​កីឡាករ​វី សុ​ភ័ស​ទម្ងន់​៧០​គីឡូក្រាម​ ៕​