ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​បារម្ភ​ជុំវិញ​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ឥណ្ឌូ​ណេ​ស៊ី អាច​ប៉ះពាល់​ដល់​ការ​ប្រកួត FIFA ASEAN Cup

3 អាទិត្យ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ផ្ទុះ​ភ្នំភ្លើង Anak Krakatau កាលពី​ថ្មី​ៗ​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​អាច​កើត​មាន​លើ​ព្រឹត្តិការណ៍​ប្រកួត FIFA ASEAN Cup ឆ្នាំ ២០២៦ ខាង​មុខ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​គ្មាន​មូលហេតុ​ណាមួយ​ដែល​ត្រូវ​លុប​ចោល ឬ​ប្តូរ​ទីតាំង​នៃ​ការ​ប្រកួត​នោះ​ទេ​។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ABC News ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ច្រក​សមុទ្រ Sunda កាលពី​ថ្មី​ៗ​នេះ បាន​នាំ​យក​ផេះភ្នំភ្លើង សាយភាយ​ទៅ​តំបន់​ផ្សេង​ៗ រួម​មាន​ខេត្ត Banten និង​ផ្នែក​ខ្លះ​នៃ​កោះ​ជ្វា​ខាងលិច​។ ជាមួយ​គ្នា​នោះ សារព័ត៌មាន The Jakarta Post បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន ៨ នាក់​បាន​បាត់​ខ្លួន ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​សារព័ត៌មាន​ចំនួន ៥ នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​យក​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​ផង​ដែរ​។

ស្ថានភាព​នេះ បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​សាធារណៈ​អំពី​ការ​រំខាន​អាច​កើត​មាន​ចំពោះ ការ​ប្រកួត​ពានរង្វាន់​ទើបតែ​បង្កើត​ឡើង FIFA ASEAN Cup ដែល​កម្រិត Division 1 គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី ២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ​២០២៦​។ យោង​តាម​សារព័ត៌មាន Bola ការ​ព្រួយបារម្ភ​ចម្បង​ៗ​ទាំងនេះ គឺ​ផ្តោត​លើ​គុណភាព​ខ្យល់​ក្នុង​តំបន់ សុវត្ថិភាព​របស់​កីឡាករ និង​អ្នកគាំទ្រ ព្រមទាំង​បញ្ហា​ប្រឈម​ផ្នែក​រៀបចំ​ចាត់ចែង​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង​ទីលាន​ប្រកួត​នានា​។

ទោះ​យ៉ាងណា​ក៏​ដោយ ទាំង​សមាគម​បាល់ទាត់​ឥណ្ឌូ​ណេ​ស៊ី (PSSI) និង​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ​ណាមួយ ទាក់ទង​នឹង​ការ​លុប​ចោល ការ​ផ្លាស់​ប្តូរ​ទីតាំង ឬ​ការ​កែសម្រួល​កាលវិភាគ​ប្រកួត​នៅឡើយ​ទេ ដោយ​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​នេះ កំពុង​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក​។

ទន្ទឹម​ជាមួយ​គ្នា​នោះ បញ្ហា​ប្រតិបត្តិការ​ដ៏​សំខាន់​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ទាក់ទង​នឹង​សុវត្ថិភាព​អាកាសចរណ៍​។ បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូ​ណេ​ស៊ី​បានឱ្យ​ដឹង​ថា ផ្សែង​ផេះភ្នំភ្លើង Anak Krakatau បាន​ហក់​ឡើង​ដល់​កម្ពស់​ជាង ៤ គីឡូម៉ែត្រ ហើយ​នៅ​កម្ពស់​ខ្ពស់​ជាង​នេះ ផេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​កម្ពស់​ប្រហែល​ជាង ១៤ គីឡូម៉ែត្រ​ដោយ​សំដៅ​ទី​តម្រង់​ទៅ​រក​មហាសមុទ្រ​ឥណ្ឌា​។ ទោះ​យ៉ាងណា បច្ចុប្បន្នភាព​ឧតុនិយម​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា កម្រិត​ផេះ​ចាប់ផ្តើម​បង្ហាញ​សញ្ញា​ថយ​ចុះ​ដំបូង​ៗ​ហើយ ខណៈ​ដែល​ស្ថានភាព​នៅ​លើ​ដី​កំពុង​មាន​ភាពល្អ​ប្រសើរ​ឡើងជា​បណ្តើរ​ៗ​។

គួរ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គឺជា​ម្ចាស់ផ្ទះ​សម្រាប់​កម្រិត Division 1 នៃ​ពានរង្វាន់ FIFA ASEAN Cup ឆ្នាំ​២០២៦ នៅ​ទីក្រុង Jakarta និង Bandung ហើយ​ត្រូវ​បាន​ចាប់ឆ្នោត​ស្ថិត​នៅ​ក្នុង​ពូ​ល A រួម​ជាមួយ​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​បង់​ក្លា​ដែ​ស​។ រីឯ​វៀតណាម ថៃ ហ្វី​លី​ពី​ន និង​ប៉ា​គី​ស្ថាន ស្ថិត​នៅ​ក្នុង​ពូ​ល B​។ ក្រុម​កំពូល​តារាង​នៃ​ពូ​ល​ទាំង​ពីរ និង​ប្រកួត​ដណ្តើម​ជើងឯក ខណៈ​ដែល​ក្រុម​លេខ ២ ក្នុង​ពូ​ល នឹង​ប្រកួត​គ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣៕ ប្រភព ៖ VnExpress