ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បន្តជាអត្តពលិករកចំណូលបានច្រើនបំផុត ខណៈ Messi ធ្លាក់ចំណាត់ថ្នាក់

2 ខែ មុន

សហរដ្ឋអាម៉េរិក ៖ កីឡាករបាល់ទាត់ Cristiano Ronaldo បានឈរលើកំពូលតារាងទស្សនាវដ្តី

សហរដ្ឋអាម៉េរិក ៖ កីឡាករបាល់ទាត់ Cristiano Ronaldo បានឈរលើកំពូលតារាងទស្សនាវដ្តីពាណិជ្ជកម្ម Forbes របស់សហរដ្ឋអាម៉េរិក សម្រាប់បញ្ជីអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២៤ និងជាលើកទី៤ក្នុងអាជីពរបស់ខ្លួន។

ប្រភពពីសារព័ត៌មាន BBC និង Marca កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា Cristiano Ronaldo ក៏បានឈរនៅក្នុងបញ្ជីមួយនេះ កាលពីឆ្នាំមុនផងដែរ បន្ទាប់ពីផ្ទេរទៅចូលរួមជាមួយនឹងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ។

របាយការណ៍ចុងក្រោយពីទស្សនាវដ្ដី Forbes បានបង្ហាញថា កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ រកចំណូលបានរហូតដល់ ២៦០លានដុល្លារអាម៉េរិក ពោលច្រើនជាង ១៣៦លានដុល្លារ ដែលរកបានក្នុងរយៈពេល១២ខែកន្លងមក។

ដោយឡែក គូប្រជែងដ៏ធំរបស់ Ronaldo សម្រាប់បញ្ជីមួយនេះ គឺកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយកីឡាករវាយកូនហ្គោល Jon Rahm។ កីឡាករវាយកូនហ្គោលជនជាតិអេស្ប៉ាញរូបនេះ បានឡើងមកចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតព្រឹត្តិការណ៍ LIV Golf Tour ដែលផ្តល់មូលនិធិដោយប្រទេសអារ៉ាប៊ីសាអូឌីត ហើយកីឡាករវ័យ២៩រូបនេះ ត្រូវបានរាយការណ៍ថា រកចំណូលបាន ២១៨លានដុល្លារ។

ចំណែក កីឡាករ Lionel Messi ដែលកំពុងប្រកបអាជីពជាមួយក្លិប Inter Miami នៅលីគកំពូលអាម៉េរិក Major League Soccer រកបាន ១៣៥លានដុល្លារ។ តាមពីក្រោយដោយកំពូលកីឡាករបាល់បោះសហរដ្ឋអាម៉េរិក LeBron James នៃសមាគមបាល់បោះជាតិអាម៉េរិក NBA ដែលឈរនៅចំណាត់ថ្នាក់លេខ ៤ រកបាន ១២៨.២លានដុល្លារ។ ចំណាត់ថ្នាក់លេខ ៥ បានលើកីឡាករ NBA កូនកាត់ក្រិក-នីហ្សេរីយ៉ា Giannis Antetokounmpo ដែលរកបាន ១១១លានដុល្លារ។

ខ្សែប្រយុទ្ធកំពូលល្បឿនសញ្ជាតិបារាំង Kylian Mbappe ដែលនឹងចាកចេញពីក្លិប PSG នៅចប់រដូវកាលនេះ ឈរចំណាត់ថ្នាក់លេខ ៦ រកបាន ១១០លានដុល្លារ។ តាមពីក្រោយដោយអតីតមិត្តរួមក្រុម Neymar ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីល ដែលកំពុងប្រកបអាជីពជាមួយក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ដែលរកបាន ១០៨លានដុល្លារ។ ខ្សែប្រយុទ្ធបារាំង Karim Benzema ដែលកំពុងប្រកបអាជីពជាមួយក្លិប Al-Ittihad នៅលីគកំពូលអារ៉ាប៊ីសាអូឌីតដែរនោះ ឈរនៅចំណាត់ថ្នាក់លេខ៨ រកបាន ១០៦លានដុល្លារ។

ដោយឡែក ចំណាត់ថ្នាក់លេខ៩ បានទៅលើកីឡាករបាល់បោះអាម៉េរិក Stephen Curry រកបាន ១០២លានដុល្លារ និងចំណាត់ថ្នាក់លេខ១០ បានទៅលើកីឡាករបាល់ឱបអាម៉េរិក Lamar Jackson នៃក្របខណ្ឌកំពូល NFL ដែលរកបាន ១០០.៥លានដុល្លារ៕ (រូបភាព ៖ Sportico, B/R Football, The Sun, Super Sport និង Golf Digest)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ