រាជធានីភ្នំពេញ ៖ កម្មវិធីរបស់បណ្ដាញទំនាក់ទំនងសង្គមពិតជាមានច្រើនសម្បូរបែប និងពេញនិយមទៅតាមប្រទេស ។ ចំណែកនៅកម្ពុជាភាគច្រើនគឺពេញនិយមប្រើ Facebook, Line, WhatApps ឬ Telegram ជាដើម។ កម្មវិធីទាំងនេះកំពុងដើរតួយ៉ាងសំខាន់ក្នុងការបំពេញការងារ មិនថាក្រុមហ៊ុនឯកជន ឬស្ថាប័នសាធារណៈនោះទេ គឺសុទ្ធតែប្រើប្រាស់ទៅតាមស្ថានភាពការងារផ្សេងៗគ្នា ឬចំណង់ចំណូលចិត្តរបស់ខ្លួន ។
ថ្វីដ្បិតតែវាមានតួនាទីក្នុងការទំនាក់ទំនងដូចគ្នា ប៉ុន្ដែប្រសិនបើពាក់ព័ន្ធនឹងការផ្ញើរូបភាព និងវីដេអូវិញ គឺមិនដូចគ្នាទេ។ ដូច្នេះ ថ្ងៃនេះ កោះសន្ដិភាពសូមលើកយកកម្មវិធីមួយចំនួនមកបង្ហាញដើម្បីជាមូលដ្ឋានខ្លះៗសម្រាប់លោកអ្នកសាកល្បង និងឈ្វេងយល់ ។
បើតាមលោក សេង រដ្ឋា គ្រូបង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ បានប្រាប់ថា ៖« បណ្ដាញ Facebook, Instagram វាមានសារសំខាន់សម្រាប់អ្នករកស៊ី ពីព្រោះគេអាចផ្សព្វផ្សាយទំនិញគេទៅដល់អតិថិជនយ៉ាងឆាប់រហ័ស ។ ចំពោះ Telegram និង WhatsApp វាមានភាពពេញនិយមសម្រាប់អ្នកធ្វើការងារ ទំនាក់ទំនងបានឆាប់រហ័ស និងមិនរញ៉េរញ៉ៃស្មុគស្មាញច្រើនដូច Facebook ទេ ហើយយើងអាចផ្ញើរូបភាព ឬវីដេអូតាមរយៈ Telegram បានយ៉ាងងាយស្រួលផងដែរ » ។
លោកបញ្ជាក់ថា ៖« បើសិនចង់ផ្ញើរូប ឬវីដេអូកុំឲ្យបែក កម្មវិធី Telegram ក៏យើងអាចផ្ញើបានរហូតដល់ 1.5G ដែរ តែត្រូវផ្ញើជា Send File ព្រោះវារក្សាគុណភាពរូបភាពរបស់យើងនៅដដែល ហើយបើចង់ផ្ញើវីដេអូ គឺត្រូវបំលែងទៅជា File Zip មុននឹងធ្វើការផ្ញើចេញទៅកាន់ការិយាល័យ ។ ចំណែក Facebook Messeger យើងអាចផ្ញើបានតែ25MB ប៉ុណ្ណោះ » ។
លោក ឈិន ធារ៉ាត់ អ្នកសារព័ត៌មានក្នុងស្រុកមួយបានប្រាប់ឲ្យដឹងថា តាមធម្មតា លោកចូលចិត្តប្រើកម្មវិធី WeTransfer ។ លោកថា ៖« WeTransfer យើងអាចទាញកម្មវិធីនោះយកមកប្រើដោយមិនគិតថ្លៃ និងអាចផ្ញើឯកសារបានរហូតដល់ 2GB ។
ចំណែក WeTransfer «Plus» យើងអាចផ្ញើឯកសារបានរហូតដល់ 20GB ហើយអាចរក្សាទំហំបាន 100 GB ប៉ុន្តែបើរូបភាព ឬវីដេអូធំនោះ យើងផ្ញើតាមGoogle Drive គឺវាអាចរក្សាគុណភាពនៃរូបភាព និងវីដេអូនោះឲ្យនៅដដែល » ។
គួររំលឹកផងដែរថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធើរណេតប្រមាណ ៦៦% នៃប្រជាជនសរុប និងមានអ្នកប្រើប្រាស់ស៊ីមកាតប្រមាណជាង២២លាននាក់។ កំណើននេះមិនមែនសម្រាប់ប្រើតែលើទូរស័ព្ទប៉ុណ្ណោះ ទេ ថែមប្រើស៊ីមកាតទៅលើម៉ាស៊ីន ដូចជាដាក់តាមរថយន្ដក្រុង និងប្រព័ន្ធGPS ជាដើម ។
យោងតាមលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងកាលពីសប្ដាហ៍មុនថា គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងខិតខំជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មឲ្យដល់គ្រប់ឃុំគ្រប់ភូមិនៅឆ្នាំ២០២០ ហើយរំពឹងថា នៅឆ្នាំ២០២៣ សេវាអ៊ីនធើរណេតនឹងគ្របបណ្ដប់ទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ