រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានអះអាងថា បញ្ហាកង្វល់ដែលជាសំណូមពររបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ត្រូវបានលាតត្រដាង និងរួមគ្នាដោះស្រាយ បន្ទាប់ពីលោក ឡុង ឌីម៉ង់ កោះអញ្ជើញភាគីពាក់ព័ន្ធប្រជុំពិភាក្សា ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ស្ថានទូតកម្ពុជាបានអញ្ជើញថ្នាក់ដឹកនាំសមាគមន៍មូលនីធិក្រុមសិល្បៈ និងបណ្ដាញស្ត្រីខ្មែរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជួបពិភាក្សាដកពិសោធន៍ សិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយជម្រះនូវមន្ទិលសង្ស័យ និងកែលម្អនូវចំណុចខ្វះខាត ក្នុងការបំពេញយុទ្ធនាការរួមគ្នាជួយដោះស្រាយបញ្ហាបស់ប្រជាជនខ្មែរនៅកូរ៉េ និងការចូលរួមលើកស្ទួយអភិរក្សមរតកវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជាតិ ។
មន្ត្រីស្ថានទូតដដែលបានឲ្យដឹងទៀតថា ក្នុងពេលដឹកនាំប្រជុំលើកទី៤ ក្នុងទីក្រុងស៊ូវ៉ុន កាលពីចុងសប្តាហ៏កន្លងមកនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានសម្រេចថា បន្ដយុទ្ធនាការចុះផ្ដល់សេវាបន្ដលិខិតឆ្លងដែនប្រឹក្សាយោបល់ និងបើកវេទិកាសាធារណៈ នៅមូលដ្ឋានឲ្យបានច្រើន និងទៅឲ្យដល់សហគមន៍មូលដ្ឋាន ដែលនៅឆ្ងាយ ។
បន្ដយុទ្ធនាការជាមួយសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តចុះផ្ដល់សេវាពិនិត្យព្យាបាលសុខភាពទូទៅ ពិនិត្យបេះដូងចាក់វ៉ាក់សាំងការពារផ្ដាសាយ និងថត X-Ray ជូនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឲ្យបានច្រើនឡើងបន្ថែមទៀត ។
រៀបចំកម្មវិធីអប់រំសីលធម៌ អប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ដើម្បីបំពេញតម្រូវការរបស់សហគមន៍ខ្មែរនៅកូរ៉េឲ្យបាន២ដងក្នុងមួយឆ្នាំ ដោយនិមន្ដព្រះសង្ឈដែលប៉ិនប្រសព្វមកពីខ្មែរ ។
បន្ដយុទ្ធនាការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណៈរដ្ឋកូរ៉េ ឲ្យបានកាន់តែទូលំទូលាយ និងប្រសើរឡើងបន្ថែមទៀត ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានស្នើត្រលប់ទៅថ្នាក់ដឹកនាំសមាគមន៍មូលនីធិឲ្យរៀបចំបង្កើតកម្មវិធីជួបជុំធំ-តូច តាមលទ្ធភាពដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ការងារ ការថែទាំសុខភាព ការវិនិយោគខុសច្បាប់ ឬការស្វែងរកសេវារត់ការខុសច្បាប់ផ្សេងៗ ការជម្រុញលើកទឹកចិត្តដល់ពលករខ្មែរឲ្យត្រលប់ទៅកម្ពុជាវិញ ដោយស្របច្បាប់ពេលចប់អាណត្តិការងារ ដើម្បីចូលរួមរក្សាកូតាជ្រើសរើសពលករកម្ពុជាថ្មីបន្ថែមទៀត ដែលក្រុមការងារស្ថានទូតសន្យា នឹងចូលរួមតាមគ្រប់រូបភាព ។
មន្ត្រីរូបនោះ បានបញ្ជាក់ទៀតថា អង្គប្រជុំនោះ ក៏បានពិភាក្សាលើការងាររៀបចំមហាសង្ក្រាន្តខ្មែរ នៅកូរ៉េលើកទីពីរ ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីធំជាងគេប្រចាំឆ្នាំ ដើម្បីអបអរសាទរពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕
ចែករំលែកព័តមាននេះ