ខេត្តត្បូងឃ្មុំ ៖ កងកម្លាំងនគរបាលចំនួន៣៩០នាក់ កំពុងតែទទួលការបណ្តុះបណ្តាលក្បាច់គុណ និងភាសាបរទេសសម្រាប់ការពារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបានហ្វឹកហាត់ទាំងព្រឹកល្ងាច។ ក្នុងនោះក៏មានកងអន្តរាគមន៍ពិសេសចំនួន១២០នាក់ ដែលបានត្រៀមលក្ខណៈសម្បត្តិទាំងយប់ថ្ងៃដើម្បីចេញប្រតិបត្តិការ ប្រសិនណាបើមានការចាំបាច់ណាមួយនោះ។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី ២៤ វិច្ឆិកា ២០១៧ថា កងម្លាំងនគរបាលដែលកំពុងតែហាត់ក្បាច់គុណ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តមានប្រុសស្រី ចំនួន១២០នាក់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៦ វិច្ឆិកា ដែលរហូតមកដល់ពេលនេះបានរយៈពេលចំនួន១៨ថ្ងៃ ហើយនៅពេលព្រឹកមានរៀនភាសាអង់គ្លេសនិងវៀតណាម ទៅតាមចំណង់ចំណូលចិត្ត លុះពេលល្ងាចរៀនហាត់ក្បាច់គុណ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបានរំលឹកថា ចាប់តាំងពីក្រោយព្រឹត្តិការណ៍ចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ១សប្តាហ៍ កងកម្លាំងអន្តរាគមន៍ពិសេសចំនួន១២០នាក់គឺមួយផ្នែកធំបានចេញការពារ នៅមណ្ឌល(ម៣)ត្រពាំងផ្លុង ស្រុកពញាក្រែក ធ្វើយ៉ាងណាឲ្យមានស្ថិរភាពល្អប្រសើរ។ ដោយមានការណែនាំពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកងកម្លាំងត្រូវបានបន្ថែមរហូតដល់ទៅ៣៩០នាក់ ក្នុងនោះមាននៅស្នងការដ្ឋានគរបាលខេត្ត និងតាមបណ្តាអធិការដ្ឋានគរបាលស្រុក-ក្រុង ក៏ដូចជាវរការពារព្រំដែនគោក៦១៥ និង៦១៧ បានបន្តហ្វឹកហាត់ក្បាច់គុណ ដើម្បីឲ្យកងកម្លាំងមានសមត្ថភាពគ្រប់គ្រាន់ការពារខ្លួន និងចំណេះដឹងថែមទៀត។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបញ្ជាក់ថា កងកម្លាំងនគរបាលត្រូវបែងចែកវេនរៀនសូត្រនិងហាត់ក្បាច់គុណ រួមជាមួយនោះរូបលោកបានផ្គត់ផ្គត់កាត់សម្លៀកបំពាក់ឲ្យកងកម្លាំងអស់ជាង១ម៉ឺនដុល្លារផងដែរ។ ហើយដើម្បីកុំឲ្យមានការធុញទ្រាន់នោះ គឺមានការមានការបង្ហាត់ក្បាច់រាំជាក្រុមថែមទៀត ដោយក្នុងនោះមានគ្រូមកពីស្នងការដ្ឋាននគរបាលខេត្ត និងមកពីអគ្គស្នងការនគរបាលជាតិ។ កន្លងទៅនេះមាននគរបាលចរារណ៍ចំនួន៦៧នាក់ បានមករៀនសូត្រពីក្បាច់គុណដើម្បីឲ្យមានសមត្ថភាពទប់ទល់នឹងអ្នកដែលបំពានច្បាប់ចរាចរណ៍ ហើយមាក់ងាយមកលើសមត្ថកិច្ចនោះ ដូច្នេះត្រូវតែប្រើសិទ្ធិការពារខ្លួន និងពង្រឹងសណា្តប់ធ្នាប់ឲ្យល្អ។
សូមបញ្ជាក់ថា រាល់ថ្ងៃនៅមណ្ឌល(ម៣)ត្រពាំងផ្លុង មានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមាន នគរបាលអាវុធហត្ថ និងទាហានចំនួន១៥០នាក់ ត្រូវបានដាក់ពង្រាយការពារកន្លែងឃុំខ្លួនលោក កឹម សុខ នោះដោយបានបែងចែកវេនផ្លាស់ប្តូរគ្នា ដើម្បីធានាឲ្យបានល្អក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមហើយនឹងទប់ស្កាត់រាល់ការបង្កអសន្តិពីក្រុមណាមួយត្រូវតែបង្ក្រាប៕
https://youtu.be/Kw1IXGsmlSw
ចែករំលែកព័តមាននេះ