ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់រវាងរថយន្តមួយគ្រឿងបុកគ្នាជមួយម៉ូតូសេ១២៥ ដូចរន្ទះបណ្តាលឲ្យស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ រីឯបុរសជាប្តីរងរបួសធ្ងន់សន្លប់នៅនឹងកន្លែងដោយរថយន្តបុកហើយ កិនជាប់សង្កត់ពីលើម៉ូតូនិងមនុស្សគួរឲ្យញាក់សាច់ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ១ ចំណុចច្រមុះជ្រូករទេសគោសួនថ្មី ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
អ្នកឃើញហេតុការផ្ទាល់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធ ពីកើតមកលិច លុះដល់កន្លែងកើតហេតុ ក៏មានរថយន្ត១គ្រឿងបើកពីលិចទៅកើតបញ្ច្រាសទិសគ្នាយ៉ាងលឿន ស្រាប់តែបត់ឆ្វេងទទឹងថ្នល់ទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងចំពាក់កណ្តាលម៉ូតូលាន់ដូចរន្ទះបោកក្បាលស្ត្រីរងគ្រោះទៅកាប៊ីនរថយន្ត ហើយរថយន្តរុញម៉ូតូដួលរួចកិនពីលើម៉ូតូសង្កត់ជាប់ជើងនៅក្រោមរថយន្តរបួសធ្ងន់សន្លប់ស្តូកស្តឹង២នាក់ប្តីប្រពន្ធគួរឲ្យរន្ធត់ជាខ្លាំង ។ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាគាស់បង្ហើបរថយន្តទាញយកជនរងគ្រោះ២នាក់ប្តីប្រពន្ធ ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ុងយ៉ាន់ អាយុ៦៦ឆ្នាំ ជាមន្ត្រីនគបាលចូលនិវត្ស មុខរបរនេសាទ របួសក្បាលធ្ងន់ របួសត្រគាកស្តាំឆ្អឹងផាល ពកស្មងជើងខាងស្តាំ រលាត់កួយដៃស្តាំ ។ រីឯស្ត្រីជាប្រពន្ធឈ្មោះ ដុំ សៅ អាយុ៦២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រងរបួសបាក់ធ្គាមខាងឆ្វេង បែកក្បាលស្រាំលលាដ៏ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញ។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមានទីលំនៅភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀង ។ ជនរងគ្រោះបើកម៉ូតូសេ១២៥ពណ៌ខ្មៅស៊េរី២០១៣ ស្លាកលេខ ស្វាយរៀង ១A-៨៩៥៥ មកពីបង់សំណាញ់នៅក្រុងបាវិតលុំមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងចំណុះ១តោនកន្លះ ស្លាកលេខ ក-៧៦៥៣ ភព3 បើកបរពីលិចទៅកើតយ៉ាងលឿន ។ សពជនរងគ្រោះបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តកំពត ។ ចំណែករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ