រាជធានីភ្នំពេញ ៖ យុវជនជាជាងដែលម្នាក់ ត្រូវបានឪពុកម្តាយ ក្រុមគ្រួសារ និងសាច់ញាតិជាច្រើន កំពុងតែនាំគ្នាស្វែងរក ខណៈដែលរូបគេទំនេរពីកាតម្លើងប្រទីបនៅម្តុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ខណៈដែលពេលទំនេរពីការងារនាំគ្នាចុះទៅមុជទឹកលេងក៏ត្រូវទឹកកួចទៅបាត់ស្រមោលឈឹង និងរហូតមកទល់នឹងរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះ នៅតែរកមិនទាន់ឃើញនោះ ។
លោក ផល ភារុន អាយុ៣៧ឆ្នាំ ជាឪពុកបានរៀបរាប់ប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់ដែលបានបាត់ខ្លួនក្នុងទឹកទន្លេនោះមានឈ្មោះ អឿង គីមហួត អាយុ១៩ឆ្នាំ មានទៅលំនៅជាមួយនិងរូបគាត់នៅភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ មុនពេលកើតហេតុ រូបគាត់ និងកូនប្រុសរបស់គាត់ រួមទាំងជាងៗជាច្រើននាក់ទៀត ត្រូវបានគេហៅឲ្យមកផ្សាដែកដំឡើងឆ្អឹងប្រទីបមួយដែរ មានទីតាំងនៅម្តុំផែថ្ម ដែលជាកន្លែងកើតហេតុខាងលើ ។
លោកក៏បានប្រាប់បន្តទៀតថា លុះដល់វេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ដោយមានភ្លៀងធ្លាក់ខ្លាំង គេក៏បានប្រាប់ឱ្យពួកគាត់ឈប់សម្រាកពីការងារ ទាំងរូបគាត់ និងកូនប្រុសរបស់គាត់ រួមទាំងជាងៗជាច្រើននាក់ទៀតបាននាំគ្នាឡើងគោកសម្រាក ។ ឆ្លៀតពេលគេឲ្យឈប់សម្រាក និងមេឃកំពុងភ្លៀងធ្វើការមិនកើតនោះ កូនប្រុសរបស់គាត់ រួមទាំងមិត្តភក្តិដែលធ្វើការជាមួយគ្នាចំនួន៣នាក់ទៀត(សរុបគ្នា៤នាក់) បាននាំគ្នាចុះទៅក្នុងទន្លេមុជទឹកលេង ក៏ស្រាប់តែកូនប្រុសរបស់គាត់ត្រូវបានទឹកកួចហូរយកទៅបាត់ស្រមោលមិនឃើញ ភ្លាមនោះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង និងនាំគ្នាស្វែងរកផងដែរ ។ ក្រោយពេលកើតហេតុ រូបគាត់ក៏បានរត់ទៅប្រាប់កម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកឲ្យជួយ <<ជូនដំណឹងទៅតាមប៉ុស្តិ៍ និងជួយប្រាប់ដំណឹងទៅដល់ក្រុមគ្រួសាររបស់លោកផង នៅពេលណាដែលបានប្រទះឃើញសពកូនប្រុសរបស់គាត់អណ្តែតឡើង>> ។ រហូតមកដល់ពេលនេះ រូបគាត់ ក្រុមគ្រួសាររបស់គាត់ និងសាច់ញាតិជាច្រើនទៀតនៅតែបន្តស្វែងរកសពកូនប្រុសរបស់គាត់នៅឡើយ ហើយនិងបានឃើញមានកម្លាំងមានសមត្ថកិច្ចណាម្នាក់ជួយអន្តរាគមន៍ជួយរកកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួនដោយសារតែទឹកហូរកួចទៅបាត់នោះឡើយ ។
លោក កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្រះចក បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីជាងប្រទីបម្នាក់លង់ទឹក និងបាត់ខ្លួននៅម្តុំផែថ្ម កាលពីថ្ងៃម្សិលមិញ ពិតជាមានប្រាកដមែន ដោយពួកគាត់មិនបានដាក់ពាក្យបណ្តឹងឡើង ព្រោះតែជនរងគ្រោះលង់ទឹកទន្លេដោយឯកឯង និងគ្រាន់តែប្រាប់ឲ្យពួកគាត់ជួយប្រាប់ផង <<នៅពេលប្រទះឃើញអណ្តែតទឹកនោះ>> ។ ពាក់ព័ន្ធទៅនឹងករណីជាងធ្វើប្រទីបម្នាក់លង់ទឹក និងត្រូវទឹកកួចហូរទៅបាត់នេះដែរ គេសង្កេតឃើញថា មិនធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើងទៅដល់អាជ្ញាធរខណ្ឌដូនពេញនៅឡើយទេ និងក៏មិនមានអ្នកណាម្នាក់ជួយធ្វើអន្តរាគមន៍ស្វែងរកសាកសពដែរ មានតែក្រុមគ្រួសារ និងសាច់ញាតិប៉ុណ្ណោះ ដែលកំពុងតែនាំគ្នាបន្តស្វែងរក នៅគ្រប់ច្រកល្ហកនៅឡើយ មកទល់នឹងពេលនេះ ៕
ចែករំលែកព័តមាននេះ