រយៈពេល៩ខែ រាជធានីភ្នំពេញ មានបទល្មើសព្រហ្មទណ្ឌកើតមាន៧១៥លើក
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៧នេះ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព គឺបទល្មើសព្រហ្មទណ្ឌ លួចឆក់ប្លន់
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៧នេះ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព គឺបទល្មើសព្រហ្មទណ្ឌ លួចឆក់ប្លន់
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៧នេះ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព គឺបទល្មើសព្រហ្មទណ្ឌ លួចឆក់ប្លន់ បានកើតមានចំនួន៧១៥លើក ក្នុងនោះបង្ក្រាបបាន៦៦៤ករណី ឃាត់ខ្លួនជនល្មើសបាន៩៤០នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្តីពីសមិទ្ធិផលសម្រេចបាន និងបញ្ហាប្រឈម រយៈពេល៩ខែ ក្នុងឆ្នាំ២០១៧ និងរបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានលើកយកមកផ្សព្វផ្សាយ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី លោក សួន រិនឌី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អៀង អូននី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
នៅក្នុងរបាយការណ៍នោះ ក៏បានបញ្ជាក់ថា ចំពោះការងារបង្ក្រាបគ្រឿងញៀន បាន១៥៩០ករណី ឃាត់ខ្លួនបាន៣៥០១នាក់ ស្រី៣៩៦នាក់ ។ ការងារបង្ក្រាបអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ ដោយក្នុងនោះ បង្ក្រាបបទល្មើសជួញដូរមនុស្សបាន៣៦ករណី ឃាត់ខ្លួន៤៩នាក់ ស្រី២៣នាក់ ។ បង្ក្រាបក្មេងទំនើងបង្កឲ្យបាត់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបាន៣៦១ករណី ឃាត់ខ្លួនបាន៥៩០នាក់ ។ បង្ក្រាបល្បែងស៊ីសង ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ក្នុងនោះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៤៦ករណី ឃាត់ខ្លួន៥០៨នាក់ សហការបង្ក្រាបបទល្មើសសេដ្ឋកិច្ច៨ករណី បានត្រួតពិនិត្យយានយន្តល្មើសច្បាប់គ្រប់ប្រភេទ ចំនួន៣៣,៨១០គ្រឿង បានត្រួតពិនិត្យជាតិអាកុលលើអ្នកបើកបរយានយន្តគ្រប់ប្រភេទចំនួន២៦,៤៧៧គ្រឿង ។
នៅក្នុងរបាយការណ៍នោះដែរ ក៏បានលើកឡើងដែរថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំគ្នាដោះស្រាយឲ្យបានល្អនាពេលខាងមុខដូចជា បញ្ហាគ្រឿងញៀន បញ្ហាចោរលួច ចោរឆក់ ចោរប្លន់ បញ្ហាល្បែងស៊ីសង នៅតែជាការព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋ ។ បញ្ហាគ្រោះថ្នាក់ចរាចរមកពីខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ បើកបរគ្មានពាក់មួកសុវត្ថិភាព នាំឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ នៅមានកម្រិតនៅឡើយ ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពានអាកាស មណ្ឌលសុខភាពសាធារណៈ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងបន្តធ្វើ ព្រមទាំងសេវាប្រមូលសំរាម កំពុងត្រូវបានពង្រឹងក្នុងការអនុវត្តជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហាប្រឈមទាំងនេះ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋសង្គមស៊ីវិល និងវិស័យឯកជន ឲ្យបានច្រើនជាងនេះ ។
នៅក្នុងវេទិការរផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌចំការមននេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌចំការមន ជាច្រើននាក់ បានលើកឡើងពីកង្វល់ និងសំណូមពរជូនដល់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយ មានដូចជា ផ្លូវ លូ ខ្សែភ្លើងធ្លាក់តាមដងផ្លូវ នៅពីមុខផ្ទះ និងដើមឈើងាប់ សូមឲ្យខាងជំនាញជួយកាប់ចេញ ខ្លាចរលំសង្កត់លើមនុស្ស ឬរបស់ទ្រព្យរបស់ពួកគាត់ជាយថាហេតុ ។
ឆ្លើយតបទៅនឹងកង្វល់ និងសំណូមពរនេះ លោក អៀង អូននី បានអរគុណដែលបងប្អូនប្រពលរដ្ឋទាំងអស់ បានចូលរួមពិគ្រោះយោបល់គ្នាយ៉ាងផុសផុល ក្នុងវេទិកានេះដែរ បានធ្វើឲ្យយើងរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗ សម្រាប់ឲ្យរដ្ឋបាលរាជធានី យកទៅពិចារណាធ្វើការកែទម្រង់ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ។ ការផ្តល់មតិ សំណើរ និងសំណូមពរ របស់អស់លោក លោកស្រី នៅថ្ងៃនេះ គឺបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលរដ្ឋបាលរាជធានីអនុវត្តកន្លងមក និងអាចឲ្យគណៈអភិបាល យកទៅពិចារណា និងធ្វើការកែលម្អឡើងវិញឲ្យបានសមស្របតាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ