ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រាកដប្រជា​ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​

6 ឆ្នាំ មុន

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា

ទីក្រុង​ឡុ​ង​ដ៍ ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា អតិថិជន និង​អាជីវកម្ម​ក្នុង​ប្រទេស​អង់គ្លេស​កំពុង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន ព្រោះ​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ការ​ចរចា​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ។

លោក​អធិការបតី Philip Hammond ប្រាប់​ថា ៖« ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​អង់គ្លេស​កំពុង​តែ​លូតលាស់​យ៉ាង​រឹង​មាំ ។ យ៉ាងណា​ក្តី ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ការ​ចរចា​បច្ចុប្បន្ន​នេះ គឺជា​កត្តា​មួយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ហើយ​ពួក​យើង​ត្រូវ​តែ​ដក​វា​ចេញ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន » ។

លោក​បន្ថែម​ថា ៖« មាន​ភស្តុ​តាង​ជា​ច្រើន​ដែល​បង្ហាញ​ថា អាជីវកម្ម និង​អតិថិជន​កំពុង​រង់ចាំ​មើល​លទ្ធផល មុន​នឹង​សម្រេចចិត្ត​វិនិយោគ និង​ទិញ​អ្វីមួយ » ។

លោក​បាន​មាន​ប្រសាសន៍​ដូចនេះ ក្នុង​ថ្ងៃ​តែ​មួយ​ដែល​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​និយាយ​ថា ការ​លូតលាស់​សេដ្ឋកិច្ច​អង់គ្លេស​នឹង​អន់​ថយ​។ ផលិតផល​ក្នុងស្រុក​សរុប​លូតលាស់​បាន​ត្រឹម​១,៧%​ប៉ុណ្ណោះ តិច​ជាង​ឆ្នាំ​២០១៦ ដែល​លូតលាស់​បាន​១,៨% ហើយ​នៅ​ឆ្នាំ​ក្រោយ អត្រា​នេះ​នឹង​ធ្លាក់​ចុះ​ដល់​១,៥%​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សហភាព​អឺរ៉ុប និង​អង់គ្លេស​បាន​ខ្វែងគំនិត​គ្នា​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ថ្លែង​ថា ការ​សម្រេចចិត្ត គឺ​នៅ​លើ​តុលាការ EU ខណៈ​ការ​ចរចា​ពី Brexit បាន​ឈាន​ដល់​ដំណាក់កាល​ទី​៥ ។

ការ​ចរចា​បាន​ជាប់​គាំង​លើ​បញ្ហា​ចំនួន​៣ រួម​មាន ទឹកប្រាក់​ដែល​អង់គ្លេស​ត្រូវ​បង់​ដោយសារ​ការ​ចាក​ចេញពី EU, សិទ្ធិ​របស់​ប្រជាពលរដ្ឋ EU ក្នុង​ការ​រស់នៅ​អង់គ្លេស និង​អនាគត​ព្រំប្រទល់​រវាង​ខេត្ត Northern Ireland របស់​អង់គ្លេស និង​អៀរ​ឡង់ ។

កាលពី​ថ្ងៃ​ពុធ លោក Hammond បាន​ប្រាប់​ថា បញ្ហា​ដែល​ប៉ះពាល់​ដល់​កំណើន​សមត្ថភាព​ផលិត​របស់​ប្រទេស រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​មិន​ទាន់​អភិវឌ្ឍន៍ និង​កង្វះខាត​ពលករ​ជំនាញ៕