លោកសី អ៊ីហ្វ អាល់អ៊ីស្លាម ដែលការចាប់ខ្លួនគេត្រូវបានប្រកាសដោយពួកបះបោរលីប៊ី ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ CPI ចេញដីកាចាប់ខ្លួន បានមកដល់ដោយមានសេរីភាពកាលពីយប់ថ្ងៃទី២២ មក២៣ សីហា ក្នុងសណ្ឋាគារ RIXOS ជាកន្លែងស្នាក់របស់បណ្តាអ្នកកាសែតបរទេសនៅក្រុងទ្រីប៉ូលី ។
រូបភាពទាំងឡាយតាមទូរទស្សន៍គេអាចឃើញកូនប្រុសរូបនេះរបស់លោកកាដាហ្វី លើកដៃដាក់ម្រាមជារាងអក្សរ V នៃជ័យជម្នះដោយញញឹម និងសើចយ៉ាងស្រស់ ព្រមទាំងទទួលការអបអរពីពួកអ្នកគាំទ្ររូបគេ ។
សីអ៊ីហ្វ អាល់អ៊ីស្លាមថ្លែងថា ឪពុករបស់គេស្ថិតនៅកន្លែងមានសុវត្ថិភាពមួយក្នុងទីក្រុងទ្រីប៉ូលីដែលពួកឧទ្ទាមលុកចូលកាន់កាប់ និងថា របបលីប៊ី នៅត្រួតត្រារដ្ឋធានីនៅឡើយ ។ មុននេះបន្តិច បណ្តាមនុស្សរបស់លោកកាដាហ្វី ដែលត្រួតពិនិត្យសណ្ឋាគារនោះបាននាំអ្នកកាសែតមួយក្រុមតូចទៅកាន់ប្លុក BAB AL AZIZIAH ប្លុករបស់មេដឹកនាំលីប៊ីដែលអ្នកកាសែតបានជួបសីអ៊ីហ្វអាល់អ៊ីស្លាមនៅទីនោះ ។
ពួកអ្នកកាសែតបន្ទាប់មកបានវិលត្រឡប់មកកាន់សណ្ឋាគារវិញជាមួយកូនប្រុសមេដឹកនាំលីប៊ីដែលពិភាក្សាជាមួយពួកគេ ។ សីអ៊ីហ្វ អាល់អ៊ីស្លាមនិយាយថា ខ្ញុំមកកាន់ទីនេះ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមទាំងឡាយ ។ នេះជាសង្គ្រាមចិត្តសាស្ត្រ និងអេឡិចត្រូនិកមួយសំដៅធ្វើឱ្យលីប៊ីធ្លាក់ក្នុងភាពជ្រួលច្របល់ និងភ័យខ្លាច ។
ពេលសួរពីរឿងឪពុករបស់គេ អាល់ អ៊ីស្លាមឆ្លើយថា លោកពិតជាស្ថិតនៅកន្លែងប្រាកដប្រជាមួយ ។ លោកអះអាងថា ក្រុងទ្រីប៉ូលីស្ថិតក្នុងដៃរបស់រដ្ឋាភិបាលនៅឡើយ និងបន្តថា លោកចំអកចំពោះដីកាចាប់ខ្លួនប្រឆាំងរូបលោក និងឪពុកលោករបស់តុលាការ CPI ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕
ចែករំលែកព័តមាននេះ